លោកស្រី Harris និងលោក Trump មានជម្លោះលើបញ្ហាសេដ្ឋកិច្ច និងការរំលូតកូន
បរទេស៖ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និង លោក Donald Trump បានជួបគ្នាលើកដំបូងក្នុងកម្មវិធីជជែកដេញដោល នៅមជ្ឈមណ្ឌលធម្មនុញ្ញជាតិនៅទីក្រុង Philadelphia កាលពីថ្ងៃអង្គារ។
កម្មវិធីជជែកដេញដោលនេះ ត្រូវបានរៀបចំធ្វើនៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាខាងមុខ លោកស្រី Kamala Harris និងលោក Donald Trump បានលើកឡើងជំទាស់គ្នាទៅវិញទៅមក ជុំវិញបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស និងការរំលូតកូន។
លោកស្រី Harris បានរិះគន់ លោក Trump ចំពោះស្ថានភាពសេដ្ឋកិច្ចនៅពេលលោក ចេញពីតំណែងប្រធានាធិបតីហើយលោកស្រីនិយាយទៀតថាលោកស្រីមានគម្រោងបង្កើតក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនអាមេរិក ហើយមានបំណងបង្កើត «ឱកាសសេដ្ឋកិច្ច» ។
លោកស្រី Harris និយាយថា «អ្វីដែលយើងបានធ្វើគឺសម្អាតភាពរញ៉េរញ៉ៃរបស់ លោក Donald Trump»។ ជាមួយគ្នានោះ លោក Trump ឆ្លើយតបវិញ ថា លោកស្រី និយាយមិនពិតអំពីសេដ្ឋកិច្ចរបស់លោក ដោយអះអាងថាលោកបានបង្កើតសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
ជាមួយគ្នានោះដែរ អនុប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី Harris ក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃគោលនយោបាយដែលបានរាយក្នុងគម្រោង 2025។ ប៉ុន្តែ លោក Trump បដិសេធថាមិនបានអានផែនការនោះទេ។
បេក្ខភាពប្រធានាធិបតីទាំងពីររូបបានបន្តប៉ះទង្គិចគ្នាជុំវិញគោលនយោបាយ ការរំលូតកូន។ លោកស្រី Harris បានផ្តល់សុន្ទរកថាដ៏រំជួលចិត្តមួយអំពីសិទ្ធិបន្តពូជ ហើយនិយាយថា លោក Donald Trump ពិតជាមិនគួរប្រាប់ស្ត្រីឱ្យធ្វើអ្វីជាមួយរាងកាយរបស់គេនោះទេ ។
ជាមួយគ្នានោះ លោកស្រីព្រមានថា អតីតប្រធានាធិបតីនឹងដាក់បម្រាមការរំលូតកូនជាតិ ប្រសិនបើគាត់ឈ្នះឆ្នោត។
លោក Trump បាន ឆ្លើយតបវិញថា លោកស្រី Harris និយាយ “កុហក” ហើយលោកនិយាយទៀតថា “ខ្ញុំមិនចុះហត្ថលេខាលើការហាមឃាត់ទេហើយមិនមានហេតុផលដើម្បីចុះហត្ថលេខាលើការហាមឃាត់នោះទេ” ។ គណបក្សសាធារណរដ្ឋបាននិយាយថា លោកចង់ឲ្យបញ្ហានេះទុកឲ្យរដ្ឋនានា៕