ក្រុមហ៊ុន Newbustar ដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត តម្លៃ ១៤០លានដុល្លារ នៅខេត្តក្រចេះ
ក្រចេះ៖ ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ បាន សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត តម្លៃ ១៤០លានដុល្លារអាមេរិកដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូ ប៊ី ម៉ី ស្នួល នៅខេត្តក្រចេះ ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
នាឱកាសនោះ លោកអគ្គលេខាធិការបានសម្ដែងនូវសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរដល់ក្រុមហ៊ុនដែលបានរៀបចំពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្តនាពេលនេះ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Newbustar Group ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្ដាក់ទុនវិនិយោគដ៍ច្រើន សន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ម៉ី ស្នួល ក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៍ដូចជាការចូលរួមជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។
លោកអគ្គលេខាធិការបានលើកឡើងនូវគំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន ក្នុងការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើ ពិពិធកម្មឧស្សាហកម្មកម្ពុជាដែលពេលនោះពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ កាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក វិទ្យាទំនើប។
លោកបន្តថា ជាលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ និងក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ បច្ចុប្បន្ននៅក្នុង ព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូប យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក និង បានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។
លោកអគ្គលេខាធិការបន្ថែមថា មួយវិញទៀត តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ម៉ី ស្នូល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្គុំដំឡើងបន្ទះសួឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបក កង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។
លោក ជា វុទ្ធីសង្កត់ធ្ងន់ថា ការរីកចម្រើនជាបន្តបន្ទាប់នៃឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជានេះ បានបង្ហាញឱ្យឃើញ យ៉ាងជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៍ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមវន្ត ក្នុងការបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕