Close

ក្ដៅៗ ! វុធ តុលា សម្រេចចែកផ្លូវគ្នាជាមួយវិសាខា ខណៈពេលនេះកំពុងគ្មានក្លិបលេង

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ក្ដៅៗ ! វុធ តុលា សម្រេចចែកផ្លូវគ្នាជាមួយវិសាខា ខណៈពេលនេះកំពុងគ្មានក្លិបលេង ក្ដៅៗ ! វុធ តុលា សម្រេចចែកផ្លូវគ្នាជាមួយវិសាខា ខណៈពេលនេះកំពុងគ្មានក្លិបលេង

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខ្សែប្រយុទ្ធវ័យក្មេង វុធ តុលា បានសម្រេចចែកផ្លូវគ្នាជាមួយក្លិបសេះមាសវិសាខា ក្រោយមានបញ្ហាបន្តិចបន្តួចជាមួយក្លិប ខណៈពេលនេះរូបគេនៅមិនទាន់រកបានក្លិបថ្មីនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីសមីខ្លួនផ្ទាល់។

វុធ តុលា ធ្លាប់ហ្វឹកហាត់ជាមួយក្រុមយុវជនក្របខណ្ឌសាលាមួយនៅថៃ មុនមកចូលរួមជាមួយក្រុមយុវជនវិសាខា នៅចុងឆ្នាំ ២០១៩ ហើយជួយក្រុមយុវជននេះឈ្នះជើងឯកជាច្រើន មុនរូបគេវិវត្តន៍ខ្លួនចូលរួមជាមួយក្រុមបាល់ទាត់ខេត្តព្រៃវែង ដែលជួយឲ្យព្រៃវែង ឈ្នះជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត និងដណ្ដើមបានលេខ៣ ពានសម្ដេចតេជោ ថ្នាក់ជាតិ ថែមទៀត។ លុះដល់ឆ្នាំ ២០២១  រូបគេបានត្រលប់មកកាន់វិសាខា វិញ នឹងជួយវិសាខា លើកពានសម្ដេចតេជោថ្នាក់ជាតិ ២០២២ ទៀតផង។

ជុំវិញការចាកចេញនេះ កីឡាករដែលមានដើមកំណើតនៅខេត្តបាត់ដំបង វុធ តុលា បានប្រាប់មកកាន់ ENN ដោយផ្ទាល់ថា៖« បាទបង ខ្ញុំបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយវិសាខា ហើយ ហើយមកទល់ពេលនេះ ក្លិបមិនទាន់បានប្រកាសនោះទេ ប៉ុន្តែពួកយើងបានព្រមព្រៀងគ្នាហើយ។ ការចាកចេញនេះ គឺដោយសារមានបញ្ហាបន្តិចបន្តួច ហើយក្លិបបានពិន័យខ្ញុំចំនួនមួយឆ្នាំ ដូច្នេះរយៈពេលមួយឆ្នាំហ្នឹង ខ្ញុំមិនមានប្រាក់ខែជាមួយវិសាខាទេ ប៉ុន្តែក្លិបក៏បានអនុញ្ញាតឲ្យខ្ញុំទៅចូលរួមជាមួយក្លិបផ្សេងដែរ ប្រសិនបើមានក្លិបផ្សេងចង់បាន ក្នុងអំឡុងពេលពិន័យហ្នឹង»។

អតីតកីឡាកររបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង ដដែលរូបនេះបានឱ្យដឹងទៀតថា៖« ខ្ញុំចង់បានក្លិបលេងឆាប់ៗ ព្រោះមិនចង់នៅទំណេរឡើយ  ហើយខ្ញុំនឹងសប្បាយចិត្ត ប្រសិនបើមានក្លិបផ្សេងទាក់ទងមក»។

គួររំលឹកថា វុធ តុលា បានឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២០ បន្ទាប់ពីរកបាន ៦គ្រាប់។ ខ្សែប្រយុទ្ធមានស្រុកកំណើត នៅស្រុកកំរៀង ខេត្តបាត់ដំបងរូបនេះ បំបែកកំណត់ត្រារាមច្បង ចាន់ វឌ្ឍនាកា ដែលឈ្នះស្បែកជើងមាសពានសម្ដេចតេជោ កាលពីឆ្នាំ២០១៣ ក្នុងវ័យ ១៩ឆ្នាំ និង ២៤ថ្ងៃតែកាលនោះ វឌ្ឍនាកា រកបាន ១១គ្រាប់៕

អត្ថបទទាក់ទង