Close

ទូតកូរ៉េ៖ កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទូតកូរ៉េ៖ កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ទូតកូរ៉េ៖ កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា

ភ្នំពេញ៖ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានលើកឡើងថា កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដែលក្នុងនោះជាង ៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោក Park Jung-Wook បានលើកឡើងបែបនេះ ក្នុងពេលចួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ។

ក្នុងជំនួបនេះ លោក Park Jung-Wook បានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារកម្ពុជា ដោយកត់សម្គាល់ពីការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាពក្នុងការជំរុញការវិនិយោគកូរ៉េឱ្យបានកាន់តែច្រើនថែមទៀតមកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

ទូតកូរ៉េ៖ កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា

លើសពីនេះ លោក ក៏បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា សាយប័រ ផងដែរ។

ជាការឆ្លើយតប លោកស្រី ទេសាភិបាល បានថ្លែងអំណរគុណចំពោះការផ្តល់កិច្ចសហប្រតិបត្តិការល្អពីភាគីកូរ៉េនាពេលកន្លងមក ដូចជាការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។

ជាងនេះទៀត លោកស្រីក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារផងដែរ។

ជារួម លោកស្រីទេសាភិបាល និងឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលភាគីសម្រេចបាន និងប្តេជ្ញាបន្តចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែជិតស្និទ្ធថែមទៀត៕

ទូតកូរ៉េ៖ កូរ៉េគឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា