កម្ពុជា-កូរ៉េខាងត្បូងបើកកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន លើកទី១ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូង លើកទី១ ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA), សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប។
កិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មីដែលរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។
កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េសំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
នាឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ ឯកអគ្គរដ្ឋទូត, តំណាងក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចសន្ទនាឱកាសនេះ ហើយវត្តមាននៃកិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិនកូរ៉េ តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។
លើសពីនេះ លោក ឧបនាយករដ្ឋមន្រ្ដីក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធនឹងនិន្នាការវិនិយោគនៅកម្ពុជាមានជាអាទិ៍ ស្ថានភាពនៃរំហូរវិនិយោគ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ជូនភាគីមិត្តផងដែរ។
ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការរៀបចំកិច្ចសន្ទនានេះក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
ស្របគ្នានេះ លោក ក៏បានថ្លែងអំណរគុណជូនចំពោះលោកឧបនាយករដ្ឋមន្រ្ដីដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីស្ថានភាពវិនិយោគនៅកម្ពុជា ហើយឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនឹងកាន់តែមានភាពស្រស់បំព្រងគួរជាទីមោទនៈ។
ជាទិដ្ឋភាពរួម អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលប្រកបដោយការទទួលខុសត្រូវខ្ពស់លើប្រធានបទចំនួន៧ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងស្មារតីជឿជាក់ថារាល់បញ្ហាប្រឈមត្រូវតែមានដំណោះស្រាយឈ្នះ-ឈ្នះ សំដៅធានាបាននូវភាពសុខដុមរមនា និងភាពកក់ក្តៅជូនវិនិយោគិន៕