អូឡាំពិក៖ ម្ចាស់ផ្ទះបារាំង ប៉ះ ប៉ូឡូញ ដណ្ដើមមេដាយមាស វិញ្ញាសារបាល់ទះបុរស
ការប្រកួតបាល់ទះផ្នែកបុរស នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងបារីស ប្រទេសបារាំង បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្នុងនោះ ក្រុមជម្រើសជាតិបារាំង ក្នុងនាមជាម្ចាស់ផ្ទះ នឹងត្រូវជួបក្រុមជម្រើសជាតិប៉ូឡូញ ក្នុងដណ្ដើមមេដាយមាស។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិបារាំង ក្នុងនាមជាម្ចាស់ផ្ទះមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ដោយបានបង្ហាញភាពខ្លាំងរបស់ខ្លួន ក្រោយទម្លាក់ក្រុមខ្លាំងអ៊ីតាលី ក្នុងលទ្ធផល ៣-០ សិត(២៥-២០, ២៥-២១, ២៥-២១)។
ចំណែកក្រុមជម្រើសជាតិប៉ូឡូញ ក្នុងនាមជាក្រុមលេខ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក (FIVB Men’s Volleyball World Ranking) បានទម្លាក់ក្រុមខ្លាំងសហរដ្ឋអាមេរិក ទាំងប្រភិតប្រផើយ ក្នុងលទ្ធផល ៣-២សិត(២៥-២៣, ២៥-២៧, ១៤-២៥, ២៥-២៣, ១៥-១៣)។
សម្រាប់ការប្រកួតដណ្ដើមមេដាយមាស រវាងក្រុមជម្រើសជាតិបារាំង និងអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីយប់ ខណៈការប្រកួតដណ្ដើមបេដាយសំរឹទ្ធ រវាង អ៊ីតាលី និងអាមេរិក ធ្វើឡើងនៅស្អែក វេលាម៉ោង ៩៖០០នាទីយប់។
គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់ទះផ្នែកបុរសនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនេះ ប្រទេសប្រេស៊ីល សហភាពសូវៀត និងអាមេរិក ឈ្នះច្រើនជាងគេ ពោលគឺឈ្នះមេដាយមាស ៣លើកដូចគ្នា ខណៈ រុស្សី ជប៉ុន ហូឡង់ បារាំង និងប៉ូឡូញ ឈ្នះចំនួន ១លើកដូចគ្នា៕