គណៈប្រតិភូ EUROCHAM ស្វែងរកការសម្របសម្រួលឱ្យការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទី៧ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (European Chamber of Commerce in Cambodia – EUROCHAM) ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យតំណាងគណៈកម្មការជំនាញ នៃ EUROCHAM បានជជែកពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជុំវិញគោលគំនិតក្នុងការសម្របសម្រួលឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរ ពោលគឺមានភាពបត់បែនខ្ពស់ស្របតាមបរិបទសង្គមឌីជីថល កាត់បន្ថយពេលវេលាក្នុងការអនុវត្តនីតិវីធីនានា ព្រមទាំងលើកកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងគិតគូរដល់បរិស្ថាន។
ថ្លែងនៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតយន្តការមួយចំនួនដូចជា វេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនជាដើម ក្នុងគោលបំណងលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែង ដោយសម្របសម្រួល និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលជាក្តីកង្វល់របស់វិនិយោគិន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនដែលជាសមាជិក EUROCHAM ទាំងអស់ដែលបានពង្រឹងនិងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងឆន្ទៈខ្ពស់ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលបានស្នើឡើងដោយសមាជិក EUROCHAM ឱ្យបានទាន់ពេលវេលា ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់៕