Close

ព្រំ សំណាង នឹងជួបកីឡាករជើងខ្លាំងមកពីរុស្ស៊ី ដែលជាជើងឯកឃីកបុកស៊ីង ២ដង នៅសង្វៀន Thai Fight

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ព្រំ សំណាង នឹងជួបកីឡាករជើងខ្លាំងមកពីរុស្ស៊ី ដែលជាជើងឯកឃីកបុកស៊ីង ២ដង នៅសង្វៀន Thai Fight ព្រំ សំណាង នឹងជួបកីឡាករជើងខ្លាំងមកពីរុស្ស៊ី ដែលជាជើងឯកឃីកបុកស៊ីង ២ដង នៅសង្វៀន Thai Fight

ប្រដាល់​ : មហាជនជាច្រើន ជាពិសេសអ្នកស្នេហាវិស័យប្រដាល់គុណខ្មែរផ្ទុះការងឿងឆ្ងល់ថា មកទល់ថ្ងៃនេះហើយ ព្រំ សំណាង នៅតែមិនទាន់ដឹងពីសមាសភាពដៃគូរបស់ខ្លួននៅថៃហ្វៃ(Thai Fight) នៅឡើយ ខណៈ​ការប្រកួតចូលមកដល់នៅថ្ងៃអាទិត្យសប្តាហ៍នេះហើយ។

ជាការពិត នៅសល់ប្រមាណ៤ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈនេះ អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង នឹងធ្វើការប្រកួតនៅសង្វៀន Thai Fight ក្នុងប្រទេសថៃ ខណៈដែល ព្រំ សំណាង បានប្រកាសថា ខ្លួននឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រងឿឆ្ងល់នោះគឺដៃគូរបស់ ព្រំ សំណាង មិនទាន់ត្រូវបានប្រកាសជាផ្លូវការឡើយដោយស្ថាប័នរៀបចំការប្រកួត បើទោះជាពេលវេលាកាន់តែខិតជិតចូលមកដល់ ហើយក៏មានការលើកឡើងពីកីឡាករនេះ ឬកីឡាករនោះជាដៃគូរបស់គេផងដែរ។

ជាក់ស្ដែង កាលពីដើមខែកុម្ភៈ ត្រូវបានគេលើកឡើងថា ព្រំ សំណាង នឹងត្រូវប្រកួតជាមួយកីឡាករអ៊ីស្រាអែល កម្ពស់ ១.៨៦ម៉ែត្រ Elad Saman អាយុ ២៣ឆ្នាំ។ ប៉ុន្តែក្រោយមកតាមការឲ្យដឹងពីអ្នកតាមដានវិស័យកីឡាប្រដាល់ខ្មែរ បានលើកឡើងថា ដៃគូរបស់ ព្រំ សំណាង គឺជាកីឡាកររុស្ស៊ី អាយុទើប ២១ឆ្នាំ និងធ្លាប់ប្រកួតប្រមាណ ១០០ដង ។

ជុំវិញពាក្យចចាមរាមនេះ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានដឹកនាំ ព្រំ សំណាង ទៅប្រកួតនៅ Thai Fight កាលពីលើកមុនបានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា ៖«ខាង Thai Fight បានបញ្ជូនឈ្មោះឲ្យ ព្រំ សំណាង រួចហើយពីដៃគូរបស់គាត់។ សាមីខ្លួនកីឡាករក៏បានដឹងច្បាស់ដែរ មានតែគាត់ទេដែលដឹងច្បាស់គឺជនជាតិរុស្ស៊ីហ្នឹងឯង ប៉ុន្តែមានពេលខ្លះក៏មានការព្រួយបារម្ភក្រែងមានការផ្លាស់ប្តូរ»។

បើតាមលោក ហេង សុខឃន កីឡាកររុស្ស៊ីម្នាក់នោះ មានឈ្មោះ Firdavszhon Naiimov កើតឆ្នាំ ២០០១ ទើបមានអាយុ២១ឆ្នាំប៉ុណ្ណោះ។ កីឡាកររូបនេះ មានកម្ពស់ ១.៧៩ម៉ែត្រ ទម្ងន់ ៧៨គីឡូក្រាម និងធ្លាប់ប្រកួត១០០ដង ក្នុងនោះឈ្នះ៦៨ដង ចាញ់៣០ដង និងស្មើ២ដង ហើយជាជើងឯកឃីកបុកស៊ីងរុស្ស៊ី២ដង៕

អត្ថបទទាក់ទង