Close

ឧបនាយករដ្ឋមន្ត្រី៖ ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខទាំងអស់គ្នា សហគ្រិនគ្រប់រូប គួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី៖ ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខទាំងអស់គ្នា សហគ្រិនគ្រប់រូប គួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់ ឧបនាយករដ្ឋមន្ត្រី៖ ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខទាំងអស់គ្នា សហគ្រិនគ្រប់រូប គួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ដើម្បីភាពរីកចម្រើនលូតលាស់ទៅមុខទាំងអស់គ្នា សហគ្រិនគ្រប់រូប គួរតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មីៗ និងបរិវត្តកម្មឌីជីថល។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបែបនេះ អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤។

នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប ប្រទាក់ក្រឡាផងដែរ។

ឯកឧត្តមបន្តថា៖«ការទទួលយកនូវការផ្លាស់ប្តូរ និងរៀនសូត្រនូវអ្វីថ្មីៗ នឹងធ្វើឱ្យយើងដើរទាន់ស្ថានការណ៍ ទាំងក្នុងតំបន់ និងជុំវិញពិភពលោក»។

ជម្រាបទៅកាន់សហគ្រិនស្ត្រីដែលអញ្ជើញចូលរួម ពីបណ្តាប្រទេសទាំង១០ នៃសមាគមអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អំពីចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពបរិយាកាសវិនិយោគ និងកាលានុវត្តភាពនៃការធ្វើធុរកិច្ចនៅកម្ពុជា ទៅកាន់ពិភពលោក សំដៅគោះទ្វារទាក់ទាញវិនិយោគិនឱ្យងាកមកពិចារណា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការមកបណ្តាក់ទុនវិនិយោគផងដែរ៕

អត្ថបទទាក់ទង