ដំណឹងល្អ! ទីបំផុត កម្ពុជា មានលីគបាល់ទាត់នារីជាផ្លូវការណ៍
បន្ទាប់ពីមានលីគបាល់ទាត់បុរស Cambodia Premiere League ពេលនេះ កម្ពុជា បានវិវត្តន៍ខ្លួន ដោយមានលីគបាល់ទាត់នារីជាផ្លូវការ៍ហើយ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃ ពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ។
បើតាមសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លីគនារីនេះ មានឈ្មោះថា ខេមបូឌានលីគនារី ឆ្នាំ២០២៤ ឬ Cambodian Women’s league ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែងក្នុងការប្រកួតលីគនេះ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា:
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជាពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិទាំងអស់ មេត្តាជ្រាបថា ការប្រកួត ខេមបូឌានលីគនារី ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែងក្នុងការប្រកួតលីគនេះ។
ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន០៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក០១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។ សូមបញ្ជាក់ផងដែរថា ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ០៧ខែ។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕