បញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣ សុទ្ធសឹងតែជាកីឡាករលេងនៅលីគកំពូលកម្ពុជា ខណៈកីឡាករ៣នាក់មកពីកម្ពុជាលីគ២
ភ្នំពេញ :
ដូចដែលប្រិយមិត្តដឹងហើយថា កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសសមាសភាពកីឡាករបាល់ទាត់បុរសអាយុក្រោម២០ឆ្នាំ ចំនួន៣០រូប ដើម្បីចូលរួមហ្វឹកហាត់លើកទី១ ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
កីឡាករទាំងអស់ ត្រូវបានអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជា លោក Honda ជ្រើសរើសមកពី១០ក្លិបផ្សេងគ្នា ហើយក្រុមដែលមានកីឡាករជាប់ឈ្មោះច្រើនជាងគេនោះ គឺក្លិបបាល់ទាត់វិសាខា និងព្រះខ័នរាជស្វាយរៀង ដែលមានចំនួនកីឡាករចំនួន៦រូបដូចគ្នា បឹងកេត មាន ៥រូប ណាហ្គាវើលដ៍ មាន ៤រូប ភ្នំពេញក្រោន មាន ៣រូប សមាគមន៍បាល់ទាត់ ខ.ភ.ម មាន ២រូប រីឯ សូលទីឡូអង្គរ ព្រៃវែង អង្គរថាយហ្គ័រ និងអគ្គិសនីកម្ពុជា មាន១រូបដូចគ្នា។
យ៉ាងណា ក្នុងចំណោមកីឡាករទាំង៣០នាក់នោះ គេសង្កេតឃើញថា សុទ្ធសឹងតែជាកីឡាករដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ហើយមានតែកីឡាករ ៣នាក់ប៉ុណ្ណោះ ដែលប្រកបអាជីពនៅកម្ពុជាលីគ២។ កីឡាករទាំង៣នាក់នោះមានដូចជា៖ កីឡាករ គី រីណា របស់ក្លិបបាល់ទាត់ព្រៃវែង, កីឡាករ ហាវ សុខនេត្រ និងកីឡាករ អ៊ីម វ៉ាឃីម របស់ក្លិបបាល់ទាត់ សូលទីឡូអង្គរ។
បើតាមការបញ្ជាក់របស់សហព័ន្ធ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងធ្វើការប្រមូលផ្ដុំ ដើម្បីបោះជម្រំហ្វឹកហាត់ចំនួន២លើក ដោយលើកទី១ នឹងត្រូវធ្វើឡើងរយៈពេល២សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ប្រទេសថៃ៕