កម្ពុជា បញ្ជូនឣត្តពលិក ៣រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង
ប្រទេសកម្ពុជាក្នុងនាមជាសមាជិកចលនាអូឡាំពិក បានបញ្ជូនឣត្តពលិក ៣រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ។
ឣត្តពលិកទាំង ៣រូប របស់កម្ពុជា បញ្ជូនទៅចូលរួមនោះ មាន កីឡាករឣត្តពលកម្ម ឈុន ប៊ុនថន, កីឡាហែលទឹកមាន ២រូប គឺកីឡាករ កូសុង ដឺ ឡាប រ៉ារ៉ង ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា។ អ្នកទាំង៣ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ ហើយតាមផែនការ ពួកគេនឹងចាកចេញពីរាជធានីភ្នំពេញនៅថ្ងៃ អាទិត្យ ទី២១ ខែកក្កដា។
មុនការចាកចេញទៅប្រទេសបារាំង ឯកឧត្ដម ទេសរដ្ឋមន្ត្រី ថោង ខុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និង អត្តពលិក កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា នេះ។ ប្រតិភូ គ្រូបង្វឹក និង អត្តពលិក ក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់៥០០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ២០២៤នៅក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ៕