Close

លោក Gareth Southgate លាលែងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ កីឡា
លោក Gareth Southgate លាលែងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate លាលែងតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស

នៅព្រឹកថ្ងៃ ពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក Gareth Southgate បានប្រកាស លាលែងតំណែងជាអ្នកចាត់ការក្រុមអង់គ្លេស ជាផ្លូវការហើយ បន្ទាប់ពីខកចិត្តនឹងបរាជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ចំនួន២លើកជាប់ៗគ្នា ។

ក្រុមតោកំណាចអង់គ្លេស បានបរាជ័យក្រោមថ្វីជើងក្រុមគោជល់អេស្ប៉ាញ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro 2024 កាលពីយប់ថ្ងៃអាទិត្យ ហើយលោក Southgate បាននិយាយក្រោយការប្រកួតថា លោកនឹងពិភាក្សាអំពីអនាគតរបស់ខ្លួន ក្នុងការដឹកនាំក្រុមជម្រើសជាតិ។

កាលពីព្រឹកមិញនេះ លោក Gareth Southgate បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងនាមជាប្រជនអង់គ្លេស ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការលេង និងធ្វើជាគ្រូបង្វឹកឱ្យប្រទេសអង់គ្លេស។ ខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងឲ្យប្រទេសរបស់ខ្ញុំ។ ប៉ុន្តែវាដល់ពេលសម្រាប់ការផ្លាស់ប្តូរ និងសម្រាប់ទំព័រថ្មីមួយ។ ការប្រកួតចុងក្រោយនៅថ្ងៃអាទិត្យ នៅទីក្រុងប៊ែរឡាំង ទល់នឹងអេស្ប៉ាញ គឺជាការប្រកួតចុងក្រោយរបស់ខ្ញុំ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់អង់គ្លេស»។

លោក Southgate បានចូលកាន់តំណែងជាគ្រូបង្វឹកអង់គ្លេស ក្នុងឆ្នាំ ២០១៦ ដោយដឹកនាំក្រុមបានចំនួន ១០២ប្រកួត។ មុនដឹកនាំក្រុមឈុតធំ លោកក៏បានបង្វឹកក្រុមយុវជនអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំផងដែរ។ លោកបានដឹកនាំក្រុមតោកំណាច ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 ក៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euros 2021 និង 2024៕