ច្រឹង ពលរដ្ឋ សម្រេចចូលរួមជាមួយភ្នំពេញក្រោន
ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានសម្រេចចូលរួមជាមួយក្លិបសឹងក្រហមភ្នំពេញក្រោន បន្ទាប់ពីចែកផ្លូវជាមួយវិសាខា។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបភ្នំពេញក្រោន បានប្រកាសកាលពីយប់ ថ្ងៃ ចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
កាលពីសប្ដាហ៍មុន ច្រឹង ពលរដ្ឋ បានប្រកាសចែកផ្លូវជាមួយវិសាខា ក្រោយរួមរស់រយៈពេល៤ឆ្នាំ នៅកីឡដ្ឋាន Prince។ ពលរដ្ឋ បានជួយក្លិបបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងលីគកំពូលកម្ពុជាកាលពីរដូវកាលមុន និងបានលេខ៣ ពានសម្តេច ហ៊ុន សែន។
ពលរដ្ឋ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូង ដោយជាយុវជនរបស់ក្រសួងការពារជាតិពីឆ្នាំ២០០៨-២០១០។ បន្ទាប់មករូបគេផ្លាស់ទៅចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០១០-២០១៣ មុនផ្ទេរទៅរួមរស់ជាមួយក្លិបត្រាយអាស៊ីភ្នំពេញ(អង្គរថាយហ្គឺរ)ពីឆ្នាំ២០១៣-២០១៥។
កីឡាករវ័យ២៧ឆ្នាំរូបនេះ បានត្រឡប់មកចូលរួមជាមួយក្រសួងការពារជាតិជាថ្មី ចាប់ពីឆ្នាំ២០១៥-២០១៨។ នៅដើមរដូវកាលឆ្នាំ២០១៩ រូបគេ បានចុះកិច្ចសន្យាលេងឲ្យក្លិបក្របខណ្ឌលីគកំពូលថៃ Buriram United(ក្នុងលក្ខខណ្ឌខ្ចីជើង)។ ប៉ុន្តែដោយសារបញ្ហារបួសជង្គង់ធ្វើឲ្យគេបាត់បង់ឱកាសលេងឲ្យក្លិបលំដាប់កំពូលរបស់ថៃមួយនេះ ហើយក៏ត្រឡប់មកចូលរួមជាមួយក្រសួងការពារជាតិ។ ក្នុងឆ្នាំ២០២០ ពលរដ្ឋ បានផ្លាស់ទៅកាន់ក្លិបវិសាខា ជាកន្លែងដែលគេឈ្នះពានសម្តេច ហ៊ុន សែន ៣ឆ្នាំជាប់គ្នា។
ពលរដ្ឋ បានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំនៅឆ្នាំ២០១១ និងជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ នៅឆ្នាំ២០១៥ មុនក្លាយជាចំណែកក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០១៧។ តាមពិតខ្សែបម្រើរូបនេះ បានក្លាយជាសមាជិកក្រុមជម្រើសជាតិនៅឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន២៣លើក រកបាន ២គ្រាប់៕