Close

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបាន ៤៣,៥០%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបាន ៤៣,៥០% គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបាន ៤៣,៥០%

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK១៩៨+៥១៨) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ។

គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

វឌ្ឍនភាពនេះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទទាក់ទង