គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថានឹងបន្តរៀបចំក្រុមអោយបានល្អជាងមុន ព្រោះម៉ុងហ្គោលីជាក្រុមមួយដ៏ល្អ
(បាល់ទាត់)៖ ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ ម៉ុងហ្គោលី នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ នាទីល្ងាច នាពហុកីឡដ្ឋាន MFF Football Centre ប្រទេសម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិជើងទី២។
មុនការប្រកួតមកដល់ អ្នកចាត់ការទូទៅក្រុមជម្រើសកម្ពុជា លោក FELIX DALMAS បានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា៖«សូមអរគុណ ប៉ុងហ្គោលី ដែលបានទទួលយើងយ៉ាងល្អ យើងរីករាយដែលបានមកទីនេះ បន្ទាប់ពីការប្រកួតនៅទឹកដីកម្ពុជា យើងបានហោះមកទីនេះភ្លាមៗ ហើយយើងមានពេលសម្រាកតិចប៉ុន្តែយើងបានរៀបក្រុមឡើងវិញ ដើម្បីទល់ជាមួយម៉ុងហ្គោលី។

លោកបានបន្ថែមថា «កាលពីប្រកួតមុន ដោយសារមានភ្លៀងធ្លាក់នៅលើទីលានធ្វើឱ្យការប្រកួតមានការពិបាក់បន្តិតសម្រាប់ក្រុមទាំង២ តែប្រកួតស្អែកនេះយើងត្រូវព្យាយាមសម្របជាមួយអាកាសធាតុត្រជាក់វិញ។ យើងនឹងបន្តរៀបចំក្រុមអោយបានល្អជាងមុនព្រោះម៉ុងហ្គោលីជាក្រុមមួយដ៏ល្អគេបានបន្តការលំបាកកាលលេងនៅទឹកដីរបស់យើង ហើយយើងជឿជាក់ថាការប្រកួតនៅថ្ងៃស្អែកជាការប្រកួតមួយដ៏តានតឹង»។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ម៉ុងហ្គោលី ក្នុងលទ្ធផល ២-០ ក្នុងជំនួបជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង១ម៉ឺននាក់៕


