Close

សោកស្តាយ! សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល បានស្លាប់នៅក្នុងសមុទ្រកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សោកស្តាយ! សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល បានស្លាប់នៅក្នុងសមុទ្រកម្ពុជា សោកស្តាយ! សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល បានស្លាប់នៅក្នុងសមុទ្រកម្ពុជា

កំពត៖ នាវេលាម៉ោង ០៧:៣២ ពេលព្រឹក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃ អង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល។

ក្រោមការណែនាំដោយផ្ទាល់ពី លោកនាយ និងនាយរងខណ្ឌរដ្ធបាលជលផលខេត្តកំពត និងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការសហគមន៍នេសាទ ត្រពាំងរពៅ ខេត្ដកំពត ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃ អង្គការ MCC បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។

ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទ អាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។

ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។

ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕

អត្ថបទទាក់ទង