Facebook បង្កើនខ្ទង់ចំណាយផ្នែកសុវត្ថិភាពរបស់លោក Mark Zuckerberg ពី ៤ទៅដល់ ១៤លានដុល្លារអាមេរិក
បរទេស ៖ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបានប្រកាសឱ្យដឹងថា ខ្លួនបានបង្កើនប្រាក់ឧបត្ថម្ភផ្នែកសន្តិសុខសម្រាប់នាយកប្រតិបត្តិ និងសហស្ថាបនិក លោក Mark Zuckerberg និងគ្រួសារ ពី ៤ ទៅ ១៤លានដុល្លារអាមេរិក ដែលវាជាខ្ទង់ចំណាយមួយដ៏ខ្ពស់បំផុត និងមិនធ្លាប់មានឡើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កើនប្រាក់ឧបត្ថម្ភនេះ ត្រូវបាន Meta បញ្ជាក់ថា វាជាខ្ទង់ចំណាយមួយនៃកម្មវិធីសុវត្ថិភាពទូទៅរបស់លោក Mark Zuckerberg ហើយវាក៏ជាខ្ទង់ចំណាយមួយដ៏សមរម្យ និងចាំបាច់បំផុតសម្រាប់ប្រើប្រាស់គ្រប់កាល:ទេស:សម្រាប់សុវត្ថិភាពថ្នាក់ដឹកនាំកំពូលមួយរូបនេះ។
ការបង្កើនខ្ទង់ចំណាយដ៏ច្រើនសន្ធឹកនេះ ត្រូវបានធ្វើឡើងស្របពេលដែល Meta បានប្រកាសកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ និងបានកាត់បន្ថយការចំណាយផ្សេងៗជាច្រើន ប៉ុន្តែបែរជាបង្កើនការចំណាយទៅលើសុវត្ថិភាពលោក Mark Zuckerberg វិញ។ ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពមួយនេះវាជាផ្នែកមួយនៃផែនការណ៍ «ឆ្នាំនៃប្រសិទ្ធភាព» របស់លោក Mark Zuckerberg។
គិតត្រឹមចុងឆ្នាំ២០២២ ក្រុមហ៊ុន Meta បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារអាមេរិកពីការបង្កើត Metaverse «ពិភពនៃការពិតនិម្មិត» ដែលជាហេតុនាំឱ្យមានការកាត់បន្ថយបុគ្គលិក និងការចំណាយផ្សេងៗ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Mark Zuckerberg គឺជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យាដែលមានវ័យក្មេងជាងគេបំផុត (៣៨ឆ្នាំ) និងឈរនៅលេខរៀងទី១៦ នៃកំពូលមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុត ដែលគិតជាប្រាក់មានចំនួនជាង ៦៣ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣)៕