Close

ពលរដ្ឋស្រុកពួក រួមគ្នាបរិច្ចាកថវិកាស្ថាបនាផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំ ដើម្បីសម្រួលដល់ ដឹកជញ្ជូនកសិផល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ពលរដ្ឋស្រុកពួក រួមគ្នាបរិច្ចាកថវិកាស្ថាបនាផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំ ដើម្បីសម្រួលដល់ ដឹកជញ្ជូនកសិផល ពលរដ្ឋស្រុកពួក រួមគ្នាបរិច្ចាកថវិកាស្ថាបនាផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំ ដើម្បីសម្រួលដល់ ដឹកជញ្ជូនកសិផល

សៀមរាប៖ ផ្លូវដើរបុរាណមួយខ្សែដែលទុកចោលជិត២០ឆ្នាំ ស្ថិតនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋរួមគ្នាជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការបរិច្ចាកថវិកាពីសប្បុរសជនជិតឆ្ងាយ ដើម្បីជួយសម្រួលការធ្វើដំណើរ និងងាយដឹកជញ្ជូនទំនិញផលិតផលកសិកម្មពលរដ្ឋក្នុងមូលដ្ឋាន។

លោក ភូម គាំ អនុភូមិពួកចាស់ បានឱ្យដឹងថា ផ្លូវនេះគឺជាផ្លូវដើរបុរាណដែលបានទុកចោលប្រមាណជិត២០ឆ្នាំហើយ ហើយកន្លងមកពិបាកធ្វើដំណើរ ជាពិសេសមិនអាចដឹកជញ្ជូនទំនិញបានឡើយ ទើបអាជ្ញាធរ និងសប្បុរសជន រួមទាំងប្រជាពលរដ្ឋរួមគ្នាបរិច្ចាកថវិកាសាងសង់ឡើងវិញ ដើម្បីងាយស្រួលធ្វើចរាចរណ៍ និងងាយស្រួលដឹកជញ្ជូនដំណាំកសិកម្មប្រចាំថ្ងៃ។

ចំពោះការជួសជុលនេះ ធ្វើពីដីស មានប្រវែងបណ្ដោយ៤០០ម៉ែត្រ ទទឹង១២ម៉ែត្រ ខ្នងផ្លូវ៧ម៉ែត្រ តភ្ជាប់ពីឃុំពួក ទៅឃុំដូនស្វា ឃុំសំរោងយា ដែលជាសសៃឈាមសំខាន់របស់ប្រជាកសិករធ្វើកសិកម្ម ដោយការសងសង់នេះនឹងរួចរាល់រយៈពេល៤ថ្ងៃ។

លោក ព្រហ្ម មេត្ដា ជាអ្នកចូលរួមសាងសង់និងមើលការខុសត្រូវលើការធ្វើផ្លូវនេះ បានសម្ដែងការសប្បាយរីករានូវពេលឃើញប្រជាពលរដ្ឋសហការរួមគ្នាជាមួយអាជ្ញាធរ បានកសាងផ្លូវធ្វើដំណើរនេះឡើងវិញ ព្រោះផ្លូវនេះបានផ្ដល់ផលប្រយោជន៍ដល់ប្រជាកសិករច្រើនណាស់។

លោក បន្ថែមថា ផ្លូវនេះមានប្រវែងខ្លីក៍ពិតមែន ប៉ុន្ដែមានសារៈសំខាន់ណាស់ ដោយសារកន្លងមកប្រជាពលរដ្ឋធ្វើដំណើរពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ត្រូវវាងឆ្ងាយទៅតាមផ្លូវផ្សេង ប៉ុន្ដែនៅពេលផ្លូវនេះសាងសង់ហើយ អ្នកភូមិអាចធ្វើដំណើរឬការដឹកជញ្ជូនទំនិញបានលឿន និងចំណេញពេលវេលាថែមទៀតផង។

លោកថា អាជ្ញាធរភូមិមានគម្រោងបន្ដសាងសង់ផ្លូវថ្មីនៅក្នុងញភូមិបន្ថែមទៀត ដោយលោកអំពាវដល់សប្បុរសជនឱ្យជួយចូលរួមគាំទ្រលើការសាងសង់ផ្លូវថ្មីៗនេះ។

លោក ព្រហ្ម មេត្ដា បានឱ្យដឹងទៀតថា អាជ្ញាធរភូមិពួកចាស់ បានអភិវឌ្ឍន៍សាងស់ផ្លូវបុរាណៗ ដែលធ្វើដំណើរមិនកើតអោយទៅជាផ្លូវមានប្រយោជន៍ ព្រមទាំងមានប្រឡាយទឹកដល់ប្រជាពលរដ្ឋ៤ខ្សែមកហើយ ដែលសរុបទឹកប្រាក់ជិត២ម៉ឺនដុល្លា។ ការកសាងផ្លូវថ្មីលើដីផ្លូវចាស់ ធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ដយ៉ាង ហើយនឹងបន្ដគម្រោងអភិវឌ្ឍន៍ផ្លូវនៅក្នុងភូមិបន្ថែមទៀត ព្រោះផ្លូវទំាងអស់នោះជាសរសៃឈាមអ្នកភូមិដឹកផលិតផលកសិកម្ម៕

អត្ថបទទាក់ទង