ក្រុមបាល់ទះជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ បានមកដល់កម្ពុជាហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា
(បាល់ទះ)៖ នៅរសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមបាល់ទះជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ តទល់ក្រុមជម្រើសជាតិកម្ពុជា ។
ក្រោយចុះពីលើយន្ដហោះ លោក Bertrand LEYS អនុប្រធានបច្ចេកទេស សហព័ន្ធកីឡាបាល់ទះបារាំង លើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានមកកាន់ប្រទេសកម្ពុជា និងបានជួបប្រជាជនរដ្ឋកម្ពុជាដូចគ្នា ។ ការមកលើកនេះ យើងនឹងទទួលបានបទពិសោធន៍ល្អៗបន្ថែម ពិសេសលើការងារទំនាក់ទំនង និងចុះអនុស្សារណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាបាល់ទះបារាំង និងកម្ពុជា ។ ម្យ៉ាងក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ក្រុម U19 បារាំង ផងដែរ» ។
ដោយឡែក ប្រធានក្រុមជម្រើសជាតិ U19 បារាំង កីឡាករ Mathis Henno វិញ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលខ្លួនបានមកកម្ពុជា ។ នេះគឺជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្លួន ដើម្បីស្វែងយល់ពីវិស័យបាល់ទះកម្ពុជា ។ ប្រធានក្រុម U19 បារាំងរូបនេះបន្ដថា «ខ្ញុំបានសិក្សាពីកម្ពុជា តាមរយៈការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម កាលពីឆ្នាំមុន ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធលើកដំបូង ។ ដូច្នេះពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាយកឈ្នះកម្ពុជាឲ្យបាន» ។
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ តទល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សាលបាល់ទះក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) វេលាម៉ោង ១៦:០០នាទី និង៕