បញ្ហាខ្វះខាតទឹកស្អាត! អភិបាលខេត្តព្រះសីហនុជំរុញឱ្យក្រុមហ៊ុនអានកូពន្លឿនការជួសជុល និងដោះស្រាយបញ្ហាបច្ចេកទេសនេះឱ្យបានលឿនឆាប់រហ័ស

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យក្រុមការងារបច្ចេកទេសចុះដល់ទីតាំងផ្ទាល់តែម្ដង ដើម្បីពិនិត្យមើលក្នុងការដំឡើង និងជួសជុលនៅម៉ូទ័របូមទឹកដោយមានបញ្ហានាពេលកន្លងមកធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតមានការខកខានដោយជិតមួយថ្ងៃ ហើយទាំងនេះគឺជាបញ្ហាក្នុងការខ្វះខាតទឹកស្អាតសម្រាប់ចែកចាយទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមហ៊ុន អានកូ ពន្លឿនការជួសជុលនិងដោះស្រាយបញ្ហាបច្ចេកទេសនេះឱ្យបានលឿនឆាប់រហ័សនិងទាន់ពេលវេលា ដើម្បីផ្គត់ផ្គង់ចែកចាយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុប្រើប្រាស់ប្រចាំថ្ងៃ។

ជុំវិញបញ្ហានេះ លោក ណាំ គាតេង នាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន(អានកូវ៉ធើរសឹបផ្លាយ)ខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារឆ្នាំ២០២៤នេះ ដែលជារដូវប្រាំងបានអូសបន្លាយ ធ្វើឱ្យការប្រើប្រាស់ទឹកនៅក្នុងតំបន់ក្រុងព្រះសីហនុ មានការខ្វះខាតទឹកស្អាតប្រហែលជិតមួយថ្ងៃនេះគឺបណ្ដាលមកពីបញ្ហាម៉ូទ័របូមទឹក ទើបមានភាពរអាក់រអួល និងខ្វះខាតទឹកមួយចំនួន។
លោក បន្ថែមថា ដូច្នេះ ហើយដោយក្នុងមួយថ្ងៃៗក្រុមហ៊ុនបានចម្រោះទឹកស្អាតប្រមាណជាង ១១ម៉ឺនម៉ែត្រគូប នឹងធ្វើការចែកចាយបន្តសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្តព្រះសីហនុ អស់ប្រហែល ១០ម៉ឺនម៉ែត្រគូបតែប៉ុណ្ណោះ។
លោក សង្កត់ទៀតថា ដូចនេះហើយគឺក្រុមហ៊ុនរបស់យើង មិនមានការខ្វះខាតនៅទឹកប្រើប្រាស់នោះទេសម្រាប់ប្រចាំថ្ងៃ ប្រសិនបើប្រភពទឹកទីតាំងកន្លែងមួយណាដែលមានភាពខ្វះខាតដោយក្នុងនោះក្រុមហ៊ុនមានប្រភពទឹកជាច្រើនសម្រាប់ក្នុងការបូមទឹកកន្លែងផ្សេងមួយទៀតដើម្បីជម្រុះចេញទៅជាទឹកស្អាតក្នុងការផ្គត់ផ្គង់និងចែកចាយដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ប្រចាំថ្ងៃ និងក្រុមហ៊ុនសហគ្រាសនៅក្នុងខេត្តព្រះសីហនុឱ្យបានប្រើប្រាស់ជាប្រចាំ៕

