សហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត ជាទីតាំងដែលអ្នកទេសចរមិនអាចមើលរំលង
កំពត៖ សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយ ប្រមាណតែ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេនតែប៉ុណ្ណោះ ដែលទីតាំងនេះ ធ្វើឱ្យអ្នកទេសចរនានាមិនអាចមើលរំលង ដោយសារតែសម្រស់នៃទេសភាព និងមានកម្មភាពលេងកម្សាន្តជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះ សហគមន៍នេះ បានឈ្នះពានរង្វាន់ចំនួន២ពីសហគមន៍អាស៊ាន គឺ ពានរង្វាន់ សហគមន៍ ទេសចរណ៍ ស្តង់ដារ អាស៊ាន និង ពានរង្វាន់ ផ្ទះសំណាក់ សហគមន៍ ទេសចរណ៍ ស្តង់ដារ អាស៊ាន ក្នុងឆ្នាំ២០២៣ ។
សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត គ្របដណ្តប់ដោយព្រៃកោងកាងមានទំហំសរុប ៤៨ហិចតាដែលដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ ដែលបង្កនូវបរិយាកាសផាសុកភាព និងទស្សនីភាពយ៉ាងស្រស់ត្រកាលជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីតាំងនេះ។

នៅពេលដែលភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនេះ មានសកម្មភាពកម្សាន្តដែលអនុញ្ញាតឱុ្យពួកគេលេងកម្សាន្ត្ត រួមមាន ការជួលទូកជិះកម្សាន្ត ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ ឬការបោះតង់។
ក្រៅពីសេវាកម្មកម្សាន្តខាងលើនេះ សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត មានសេវាកម្មទេសចរណ៍រួមមាន ការចំអិនអាហារ ផ្ទះស្នាក់ ជួលទូកសម្រាប់ជិះកម្សាន្ត និងកូនដើមកោងកាង។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃផ្ទះស្នាក់៤ម៉ឺន៨ពាន់រៀល ក្នុងមួយយប់ (ថ្ងៃធម្មតា) និង៦ម៉ឺនរៀល (សម្រាប់ថ្ងៃឈប់សម្រាក) អាចគេងបានពី៤ទៅ៥នាក់។ ចំពោះ តម្លៃទូកសម្រាប់ជួល ៦ម៉ឺនរៀលក្នុងមួយទូក ដែលអាចជិះបានគ្នា១០ទៅ១២នាក់ឯណោះ។

ជាមួយគ្នានោះដែរ អ្នកទេសចរអាចទិញដើមកោងកាងដាំដើម្បីដាំ បន្សល់ទុកជាអនុស្សាវរីយ៍ និងជាផ្នែកមួយជួយដល់បរិស្ថានផងដែរ (តម្លៃ២ ពាន់រៀលក្នុងមួយដើម)។
សហគមន៍ត្រពាំងសង្កែនេះ មានស្ពានឈើប្រវែង១ពាន់ម៉ែត្រ សម្រាប់ឱ្យអ្នកទេសចរដើរគយគន់សម្រស់ដើមកោងកាង។ ដើមកោងកាង ជាប្រភេទរុក្ខជាតិសមុទ្រ ដែលដុះនៅតាមបណ្តោយឆ្នេរមានភក់ល្បាប់ មានទឹកជោរនាច ធន់នឹងកំហាប់អំបិលខ្ពស់ ហើយមានឫសជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យបោកបក់បំផ្លាញដំណាំនិងផ្ទះនៅតំបន់ឆ្នេរ។
ដើមកោងកាង១ហិកតា អាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន១តោនដូចគ្នា លើសពីនេះ ដើមកោងកាងជាជំរកសំខាន់របស់ជីវចម្រុះ ត្រី ខ្ចង ក្តាមគ្រប់ប្រភេទ និងក៏ជាកន្លែងសម្រាប់ឱ្យត្រីជ្រកពង ក្នុងរដូវត្រីពង។ ព្រៃកោងកាងក៏អាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឱ្យមាននិរន្តរភាព និងជួយលើកស្ទួយជីវភាពសហគមន៍៕


