ADB តែងតាំង លោកស្រី YASMIN SIDDIQI ជានាយិកាថ្មីប្រចាំកម្ពុជា
ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានតែងតាំងលោកស្រី Yasmin Siddiqi ជានាយិកាថ្មីប្រចាំប្រទេសកម្ពុជា ដោយលោកស្រីនាំមកជាមួយនូវជំនាញជាង ២៦ ឆ្នាំក្នុងវិស័យកសិកម្ម ទឹក និង អភិវឌ្ឍន៍ជនបទ រួមទាំងការបំពេញការងាររបស់គាត់ ១៦ ឆ្នាំជាមួយ ADB ។
លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលមានសង្គតិភាពយ៉ាងជិតស្និតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ក្នុងទសវត្សរ៍ខាងមុខ។

លោកស្រី Siddiqi បានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសក្នុងការទទួលបានតួនាទីនេះ ហើយត្រៀមទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់ADB ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។
ADB បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និង ធន់នឹងអាកាសធាតុ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន និង លើកកម្ពស់លទ្ធភាពទទួលបានសេវាសំខាន់ៗដូចជា ការអប់រំ ការថែទាំសុខភាព និងទឹកស្អាត។»
មុនកាន់តំណែងជានាយិកាប្រចាំប្រទេសកម្ពុជា លោកស្រី Siddiqi មានតួនាទីជានាយិកាផ្នែកកសិកម្ម ស្បៀង ធម្មជាតិ និងអភិវឌ្ឍន៍ជនបទរបស់ ADB សម្រាប់តំបន់អាស៊ីកណ្តាល ខាងលិច និងខាងត្បូង។ គាត់បានដឹកនាំការបង្កើត និង ការអនុវត្តគម្រោងកម្ចី និង ជំនួយបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់សម្មិទ្ធផលលេចធ្លោរបស់គាត់ ទាក់ទងនឹងបច្ចេកទេសប្រកបដោយនវានុវត្តន៍ និងការលើកកម្ពស់ការចូលរួមពីវិស័យឯកជន ដើម្បីពន្លឿនវឌ្ឍនភាពសម្រាប់កសិករនៅទូទាំងតំបន់អាស៊ី។

មានសញ្ជាតិអង់គ្លេស លោកស្រី Siddiqi បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មធារាសាស្ត្រពីសាកលវិទ្យាល័យ Southampton និងជាវិស្វករសំណង់ស៊ីវិលវិជ្ជាជីវៈទទួលស្គាល់ដោយអន្តរជាតិ។ ភាពជាអ្នកដឹកនាំរបស់លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមធន់នឹងអាកាសធាតុហើយគាត់ គឺជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង កុមារី។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

