Close

កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ ២០២៥» ពិភាក្សាការងារប្រឈម

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ ២០២៥» ពិភាក្សាការងារប្រឈម កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ ២០២៥» ពិភាក្សាការងារប្រឈម

ភ្នំពេញ៖ ប្រទេសកម្ពុជា រៀបចំ«វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥» នៅខេត្តសៀមរាបរយៈពេលពីថ្ងៃចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដើម្បី ផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ឋទាំងអស់លើកឡើងអំពីលទ្ធផលការងារ បញ្ហាប្រឈម ពិភាក្សា និងចូលរួមទាំងអស់គ្នា។

វេទិកាថ្នាក់ជាតិលើកទី៤នេះ មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ឋ គណៈអភិបាលរាជធានីខេត្តក្រសួងទេសចរណ៍ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសព្រមទាំងដៃគូពាក់ព័ន្ឋ ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ឋនានាសរុបប្រមាណជា៦០០នាក់។

កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥» ពិភាក្សាការងារប្រឈម

គោលបំណងនៃការវេទិកាជាតិអេកូទេសចរណ៍មិនគ្រាន់តែជាឱកាសនៃការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការជួបជុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើកឡើងអំពីលទ្ធផលការងារ បញ្ហាប្រឈម និងពិភាក្សាគ្នា និងឆ្លុះបញ្ចាំងពីស្មារតីចែករំលែក ចូលរួម និងទទួលខុសត្រូវទាំងអស់គ្នាលើការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

នាឱកាសនោះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា៖ ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ ជាច្រើនកន្លែង សម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។

លោកបន្តថា បច្ចុប្បន្ននេះ អេកូទេសចរណ៍ បាននឹងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់បងប្អូនភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក រួមមាន៖តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់បឹងទន្លេសាប និងសហគមន៍ទេសចរណ៍ជាច្រើនទៀត នៅតាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥» ពិភាក្សាការងារប្រឈម

លោកបន្ថែមថា៖តាមរយៈវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥នេះ សង្ឃឹមថាបងប្អូន នឹងទទួលបានធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីការអភិវឌ្ឍសមត្ថភាពខ្លួនឱ្យកាន់តែរីកចម្រើន និងយកទៅប្រើប្រាស់សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ ក្នុងសម័យកាលបច្ចេកវិទ្យាទំនើប ដែលទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ធ្វើឱ្យវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើង រីកលូតលាស់ទៅមុខ ទាំងលើឆាកជាតិ និងអន្តរជាតិ។

ចំណែក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាអនុប្រធាន ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទសចរណ៍ មានប្រសាសន៍ថា៖ ការជំរុញឲ្យមានពិពិធកម្ម នៅក្នុងវិស័យកសិកម្ម ក៏ជាការរួមចំណែកមួយដ៏ធំនៅក្នុងការទាក់ទាញអ្នកទេសចរ។ ចំណែកការធ្វើកសិកម្ម យើងមិនត្រូវរំពឹងតែលើការនាំចេញតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវការបង្កើតឲ្យមានផលិតផលផ្សេងៗក្នុងវិស័យកសិកម្ម សម្រាប់អ្នកទេសចរ គឺជាការនាំចេញនៅនឹងកន្លែងដ៏មានប្រសិទ្ធភាពផងដែរ។

ទាក់ទិនឹងបញ្ហានេះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មានប្រសាសន៍ថា៖ កម្ពុជាមានតំបន់អេកូទេសចរណ៍ចំនួន១៣០ កន្លែងទូទាំងប្រទេស និងសំបូរទៅដោយសក្តានុពលធម្មជាតិ រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក តំបន់ជួរភ្នំក្រវ៉ាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសាន ដែលមានសត្វផ្សោតដ៏កម្រជាដើម។

កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥» ពិភាក្សាការងារប្រឈម

លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានចរិតយុទ្ធសាស្រ្ត និងនយោបាយ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រី ក៏បាន បញ្ជាក់ឡើងវិញនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិ កន្លងទៅ និងក៏ដូចជានៅពេលបច្ចុប្បន្ន ដែលបន្តការគិតគូរជាប់ជាប្រចាំ និងផ្តល់អាទិភាពខ្ពស់ដល់ការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ពិសេសការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍, ជាក់ស្តែងតាមរយៈការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាលពីឆ្នាំ២០២១ ព្រមទាំងការអនុម័តគោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០ គឺពិតជាបានឆ្លុះបញ្ចាំងពីការគាំទ្រពេញលេញ ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស។

កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥» ពិភាក្សាការងារប្រឈម

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីបានស្នើដល់អង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សា អំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័ត ក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេស ក្រសួងជំនាញទាំង៣៖ ទេសចរណ៍, បរិស្ថាន, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល។

សូមជំរាបថា៖វេទិកានេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៥ និងការបង្កើត បណ្តាញអេកូទេសចរណ៍ថ្មី ចំនួន២ គឺបណ្តាញអេកូទេសចរណ៍តំបន់មេគង្គ និងបណ្តាញអេកូទេសចរណ៍តំបន់ភ្នំក្រវ៉ាញ រួមទាំងការរៀបចំពិព័រណ៍ខ្នាតតូចសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងផ្តល់រង្វាន់ដល់សហគមន៍ទេសចរណ៍គំរូ និងអេកូទេសចរណ៍ចំនួន៤៣ផងដែរ៕


កម្ពុជារៀបចំ «វេទិកាជាតិអេកូទេសចរណ៍ឆ្នាំ២០២៥» ពិភាក្សាការងារប្រឈម