គម្រោងវិនិយោគចំនួន ១៩ មានទុនជិត ៣០០លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសិសេស
ព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ២៧៦ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និងគម្រោងថ្មី ចំនួន ១២ ។
ការសម្រេចនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងមានការចូលរួមពី លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។

គម្រោងទាំងនេះ រួមមានគម្រោងសណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងច្រកផលិតគ្រឿងសង្ហារឹម រោងចក្រផលិតដំណាប់ផ្លែឈើ និងកែច្នៃគ្រាប់ធញ្ញជាតិ និង គម្រោងរោងចក្រផលិតទឹកស្អាត និង ផ្គត់ផ្គង់អគ្គិសនី។
ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ជូនគម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៧១ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបាន ៥០ ៦៧០ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមាន ចំនួន ១៨៦ គម្រោងថ្មីមាន ចំនួន ១៦៦ គម្រោងពង្រីកមានចំនួន ២៥ និង គម្រោងមានស្រាប់ចំនួន ១៥។

នាឱកាសនោះ លោកហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសនេះ យ៉ាងសស្រាក់សស្រាំប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ។
ជាមួយនេះលោក បានគូសបញ្ជាក់អំពីកិច្ចសហការយ៉ាងសកម្មរវាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានបង្កើន និង ពង្រឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ តាមរយៈការងារគន្លឹះចំនួន ៤ ៖ ១). ការលើកទឹកចិត្តផ្នែកពន្ធ និងការសម្របសម្រួលផ្នែករដ្ឋបាល ២). ការជំរុញការវិនិយោគប្រកបដោយគុណភាព ៣). ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និង ៤). ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។លើសពីនេះឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីចំណុចពិសេស នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និងថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និងប្រកបដោយយុទ្ធសាស្ត្រ៕
