ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគ និង ធុរកិច្ច ១៨ ទៀត ក្រោមទុនវិនិយោគ ២០៥ លានដុល្លារ
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៨ ទៀត ក្រោមទុនវិនិយោគ ២០៥ លានដុល្លារ សម្រាប់ជំរុញសម្ទុះសេដ្ឋកិច្ច។ ការសម្រេចនេះធ្វើឡើងនៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងពេលលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំលើកទី ១៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។
ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥, និង គម្រោងថ្មី ចំនួន ១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ២ ៩១៦ កន្លែង ជាអាទិ៍ រោងចក្រស្ល និង កែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និង ស្ថានីយទូរទស្សន៍ ។ ជារួម, គិតត្រឹមខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក ។
សូមជម្រាបជូនថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលផ្សេងៗ ដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងថ្មី ដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពង្រីក និង គម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និង ដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ ២០២៥ ក្នុងខេត្តព្រះសីហនុ ទោះបីគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល, ឬ នីតិបុគ្គល និង ទោះបីគម្រោងនោះតូច មធ្យម និង ធំ ។
ក្រៅពីការលើកទឹកចិត្តនេះ, កម្មវិធីពិសេស ផ្តល់នូវការសម្រួលនីតិវិធី និង ការលើកលែងកម្រៃសេវាសាធារណៈពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រនានា សម្រាប់ការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល អចលនទ្រព្យ ។ល។ ផ្អែកតាមកម្មវិធីពិសេសនេះ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានភារកិច្ចផ្តល់ការប្រឹក្សាយោបល់ និង ពន្យល់ច្បាស់អំពីកម្មវិធីពិសេស និង ការលើកទឹកចិត្តនានា ព្រមទាំងធ្វើការសម្របសម្រួល ដើម្បីដោះស្រាយការលំបាក និង សំណូមពរផ្សេងៗរបស់ម្ចាស់គម្រោង រួមទាំងដើរតួនាទីជាច្រកចេញចូលតែមួយ ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត គម្រោងវិនិយោគបានចំចំនួន ២៨៧គម្រោង មានទុនវិនិយោគសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕