Close

ស៊ីហ្គេម ២០២៣ វៀតណាម ដាក់គោលដៅបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបី និងដណ្ដើមមេដាយមាសយ៉ាងតិច ១០០គ្រឿង

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ស៊ីហ្គេម ២០២៣ វៀតណាម ដាក់គោលដៅបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបី និងដណ្ដើមមេដាយមាសយ៉ាងតិច ១០០គ្រឿង ស៊ីហ្គេម ២០២៣ វៀតណាម ដាក់គោលដៅបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបី និងដណ្ដើមមេដាយមាសយ៉ាងតិច ១០០គ្រឿង

(ហាណូយ)៖ វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ត្រូវដណ្ដើមឱ្យបានមេដាយមាសចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Vietnam Plus។

ស្ដាប់ដំបូងហាក់បីដូចជាច្រើន ប៉ុន្តែគោលដៅនេះ មានចំនួនពាក់កណ្តាលប៉ុណ្ណោះ បើធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ ឆ្នាំមុន ដោយសារតែចំនួនប្រភេទកីឡា និងអត្តពលិកវៀតណាម ដែលនឹងចូលរួមលើកនេះ មានចំនួនតិច ដ្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា គូរ៉ាស, បាញ់កាំភ្លើង, ជិះទូកកាណូ និងកីឡាកាយវប្បកម្ម មិនត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះឡើយ។

ដើម្បីជាការត្រៀមខ្លួន សម្រេចបាននូវគោលដៅទាំងនេះ ទីភ្នាក់ងារប្រឆាំងសារធាតុញៀន និងថ្នាំកីឡាវៀតណាមត្រូវបានស្នើឱ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើការបរិភោគអាហារ និងប្រើប្រាស់ថ្នាំរបស់អត្តពលិក ដើម្បីជៀសវាងឧបទ្ទវហេតុសារធាតុញៀន ដែលអាចកើតមាន។

ជាមួយគ្នានេះ លោក Dang Ha Viet នាយករដ្ឋបាលកីឡាវៀតណាម បាននិយាយថា៖ «យើងស្ថិតនៅក្រោមសម្ពាធខ្លាំងនៅមុនស៊ីហ្គេម លើកទី៣២នេះ ពីព្រោះយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយយើងទទួលបានមេដាយមាស រហូតដល់ ២០៥គ្រឿង និងឈរតំណែងកំពូលតារាង»។

លោកបានបន្តថា​ ៖ «យើងបានរៀបចំយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ហើយរីករាយនឹងគុណសម្បត្តិនេះ។ យើងជាក្រុមខ្លាំងនៅក្នុងតំបន់ ហើយជាមួយនឹងកម្លាំងពិតប្រាកដរបស់យើង គឺយើងពិតជាអាចរក្សាតំណែងកំពូលទាំង៣ របស់យើង»។
គួរបញ្ចាក់ថា នៅសល់រយៈពេល ៨៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការហើយ ពោលគឺនៅថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា៕

អត្ថបទទាក់ទង