សហគមន៍កសិកម្មសាមគ្គីត្រពាំងចក នៃស្រុកត្រាំកក់ ខេត្តតាកែវ មានសមត្ថភាពផលិតបន្លែបានពីចន្លោះ ៨តោន-១០តោន ក្នុងមួយថ្ងៃ
តាកែវ៖ សហគមន៍កសិកម្មសាមគ្គីត្រពាំងចក នៃស្រុកត្រាំកក់ ខេត្តតាកែវ ដែលធ្វើផលិតកម្មបន្លែនៅក្នុងផ្ទះសំណាញ់ប្រហែល ៥០០ខ្នង និងមានសមត្ថភាពផលិតបន្លែបានពីចន្លោះ ៨តោន-១០តោន ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារ បន្ទាប់ពីចងក្រងគ្នាទៅជាសហគមន៍។
ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា នេះ ជាករណីជោគជ័យ និងហេតុផលមួយទៀតដែលបង្ហាញឱ្យឃើញថា ការធ្វើកសិកម្មជាលក្ខណៈប្រមូលផ្តុំ និងការចងក្រងគ្នាជាសហគមន៍ គឺជាដំណោះស្រាយមួយដ៏ប្រសើរ ជាជាងការធ្វើកសិកម្មជាលក្ខណៈគ្រួសារតូចៗ និងនៅដាច់ដោយឡែកពីគ្នា ដើម្បីការពារបងប្អូនប្រជាកសិករពីហានិភ័យនានា រួមទាំងហានិភ័យទីផ្សារ ហានិភ័យនៃការប្រែប្រួលអាកាសធាតុ ការខ្វះខាតទុន ថ្លៃដើមផលិតខ្ពស់ និងកង្វះបច្ចេកទេសជាដើម។
ឯកឧត្តម បញ្ជាក់ថា៖«កាលមុនយើងបារម្ភថា មានស្ពៃច្រើន មិនដឹងយកទៅលក់នៅឯណា តែដល់ពេលជាក់ស្តែង ពេលតំបន់នេះល្បីទៅ ធ្វើឱ្យផលិតផលអត់ចាល់ទេ។ «ដាំតែមួយមុខ» បានក្លាយទៅជា«ភូមិមួយផលិតផលមួយ»ហើយបច្ចុប្បន្ននេះ! […] »។
ឯកឧត្តម បន្ថែមទៀតថា៖« ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រគ្រប់រូបភាពដល់បងប្អូនកសិករដែលមានចេតនាចង់ចងក្រងគ្នា និងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប។
លោក អ៊ុន អឿន ដែលជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ខេត្តតាកែវ បញ្ជាក់ ថាបច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទមានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកសិករ ។
ជុំវិញបញ្ហានេះ លោក អ៊ុន សំអឿន បញ្ជាក់ទៀតថា ព្រមជាមួយនឹងតម្លៃកើនឡើង កសិករ គ្រូបង្រៀន ខ្លះទៀតជាមន្រ្តី និងអាជ្ញាធរឃុំ ភូមិថានឹងងាកមកដាំដំណាំជាបណ្តើរៗឡើងវិញដើម្បីច្បាមយកឱកាសមាសនេះ ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក លើក កម្ពស់កម្រិតជីវភាពឱ្យកាន់តែល្អប្រសើរជាលំដាប់។
លោក អ៊ុន សំអឿន បន្ថែមថា៖«ហេតុផលនេះ ក្នុងនាមលោកជាសមាជិកសហគមន៍សាមគ្គីត្រពាំងចក ក៏ដូចជាសហគមន៍កសិកម្មទូទាំងប្រទេស តាមរយ: បានស្នើសុំឱ្យរាជរដ្ឋាពិបាលមេត្តាបន្តទប់ស្កាត់ ឬកាត់បន្ថយការនាំចូលផលិត ផលបន្លែពីប្រទេសជិតខាងសម្រាប់រយ:យូរអង្វែង តាមដែលអាចធ្វើទៅបាន»។
ដោយឡែកចំពោះបទពិសោធន៍ដែលលោកអ៊ុន សំអឿនទទួលបាននេះ គឺមានគុណប្រយោជន៍ជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីឈានឆ្ពោះទៅធ្វើជាអ្នកផលិតអាជីពច្បាស់លាស់ ត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ស្តង់ដារ ដែលនេះគឺជាទុនសម្រាប់ធ្វើការប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេសនាពេលអនាគត។
លោក អ៊ុន សំអឿន បន្ថែមថា មិនតែប៉ុណ្ណោះ សហគមន៍នេះក៏ជាប្រភពនៃការចែកចាយ ឬផ្លាស់ប្តូរបទពិសោធន៍ដែលទទួលបានមកពីការអនុវត្តជាក់ស្តែង ជូនទៅដល់សហគមន៍ ឬអ្នកផលិតផ្សេងៗទៀតនៅទូទាំងស្រុកផងដែរ។ អ្វីដែលកាន់តែជឿទុកចិត្តលើការអនុវត្តបច្ចេកទេសនោះ គឺផ្ទៃដីជាង ២ ហ.ត លោកអ៊ុក សំអឿន អាចទាញយកចំណូលបានពីសក្តានុពលដីនេះក្នុង ១ឆ្នាំចំនួន ៦៥ លានរៀល ពីការលក់ពហុបន្លែ ដោយមិនគិតពីចំណូលផលស្រូវ និងគោទៀតផង។ ៕