Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូកបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូកបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជពិធីបុណ្យអុំទូកបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ

ភ្នំពេញ៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី ។

តាមរយៈបណ្តាទំនាក់ទំន​ងសង្គម តេឡេក្រាម នៅថ្ងៃទី ២៩ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេច ធិបតីផ្ទាល់បានថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាត ដោយធានាបាននូវសោភ័ណភាព និងអនាម័យ។

ជាមួយគ្នានេះ សម្តេច ធិបតី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។

ឯកឧត្តមបន្ថែមថា ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖

ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាពនិងស្ថិរភាពសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។

ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះគឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជាពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។

ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតាំងពីសម័យសម្តេចតេជោរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន។

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

អត្ថបទទាក់ទង