Federico Valverde ចុះកុងត្រាថ្មីជាមួយ Real Madrid ក្នុងតម្លៃខ្លួនទិញផ្ដាច់ ១ពាន់លានអឺរ៉ូ
កាលពីថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមអធិរាជស Real Madrid បានប្រកាសបន្តកុងត្រាថ្មីជាមួយខ្សែបម្រើការពារ ដែលជំនាញស៊ុតលើដំបូលទូក Federico Valverde រហូតដល់ឆ្នាំ ២០២៩។
កាសែត The Athletic បានរាយការណ៍ថា កីឡាករសញ្ជាតិអ៊ុយរូហ្គាយ វ័យ ២៥ឆ្នាំរូបនេះ នឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍របស់ខ្លួន ជាមួយនឹងតម្លៃខ្លួនទិញផ្ដាច់ចំនួន ១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.០៧ ពាន់លានដុល្លារអាម៉េរិក។
ក្លិបបាល់ទាត់ Real Madrid បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “Real Madrid CF និង Fede Valverde បានយល់ព្រមបន្តកិច្ចសន្យារបស់កីឡាករ ដែលនៅតែមានទំនាក់ទំនងជាមួយក្លឹប រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៩។ Valverde បានមកដល់ Real Madrid ក្នុងខែកក្កដា ឆ្នាំ ២០១៦ នៅពេលដែលគាត់មានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេលប្រាំមួយរដូវកាលរបស់គាត់ ដែលបានពាក់អាវ Real គាត់គឺជាខ្សែបម្រើដ៏ល្អបំផុតម្នាក់ក្នុងពិភពលោករួចទៅហើយ”។
Valverde បានក្លាយជាកីឡាករ Real Madrid ទី៤ ដែលបានបន្តកុងត្រាជាមួយក្លឹប ក្នុងខែនេះ បន្ទាប់ពី Eduardo Camavinga, Rodrygo និង Vinicius Junior។ មិនខុសគ្នានោះទេ អ្នកទាំង៤ សុទ្ធតែមានតម្លៃខ្លួនទិញផ្ដាច់ចំនួន ១ពាន់លានអឺរ៉ូ។
មែនទែនទៅ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានធ្វើឡើង ដើម្បីផ្តល់រង្វាន់ដល់ការបង្ហាញទម្រង់លេងដ៏ល្អរបស់កីឡាករវ័យក្មេងរបស់ Real Madrid ខណៈក្លិបក៏ការពារពួកគេពីការចាប់អារម្មណ៍ ពីសំណាក់ក្លឹបនៅ Premier League និង Saudi Arabia ផងដែរ។
គួរបញ្ជាក់ថា Valverde បានបង្ហាញខ្លួនចំនួន ២២០ប្រកួត សម្រាប់ក្រុម Real Madrid ចាប់តាំងពីការចុះហត្ថលេខាពីក្រុម Uruguayan Penarol ក្នុងឆ្នាំ ២០១៦៕