Close

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយ ដែល សម្ដេចធបិតីនាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ ដូច្នេះ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដម ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយផ្ទាល់ គប្បីយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់ខ្លួនជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្ដមអភិសន្តិបណ្ឌិត បន្តទៀតថា កំណែទម្រង់លើការងារច្រកចេញចូលតែមួយត្រូវចាប់ផ្ដើមធ្វើ ដោយចាប់ផ្ដើមពីដើមទីនេះទៅ មិនអាចអូសបន្លាយពេលនោះទេ ព្រោះការវិវត្តនៃបច្ចេកវិទ្យាផង ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋជាត្រីមុខ ដែលកំពុងមានសន្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។ ក្នុងនោះភាពងាយស្រួលនៃការទទួលសេវា ជាគន្លឹះដែលត្រូវដោះស្រាយ ពោលគឺសម្រួចយន្តការផ្ដល់សេវាឱ្យបានកាន់តែច្រើន និងលឿនរហ័សតាមប្រព័ន្ធឌីជីថល។

ក្រោយពីបានពិនិត្យច្រកចេញចូលតែមួយខេត្តបាត់ដំបង ឯកឧត្ដមអភិសន្តិបណ្ឌិត កត់សម្គាល់ឃើញថា ដំណើរការបានល្អប្រសើរបន្តិចម្ដងៗ តែក៏ពុំត្រូវស្កប់ស្កល់នឹងអ្វីដែលទទួលបាននាពេលនេះត្រឹមប៉ុណ្ណឹងនោះទេ។ ឯកឧត្ដម លើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ បន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាខ្វះចន្លោះនានា ដើម្បីរកមូលហេតុនៃដំណើររអាក់រអួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សាដូចគ្នា រួមជាមួយក្រសួងស្ថាប័នវិស័យផ្សេងៗ ថាតើសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីបន្តផ្ដល់ជូនអ្នកមានតម្រូវការ។

គិតពីឆ្នាំ២០១៨ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣ ច្រកចេញចូលតែមួយរាជធានីខេត្ត បានផ្ដល់សេវាសរុបជាង៣លានសេវា។ បើគិតក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ផ្ដល់សេវាជូនប្រជាពលរដ្ឋបានជាង៥៦ម៉ឺនសេវា៕

អត្ថបទទាក់ទង