Close

ទំនប់ម្លេច ៖ ប៉ូលទេសចរណ៍ដ៏សំខាន់ទី៣ របស់ខេត្តកំពត 

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ទំនប់ម្លេច ៖ ប៉ូលទេសចរណ៍ដ៏សំខាន់ទី៣ របស់ខេត្តកំពត  ទំនប់ម្លេច ៖ ប៉ូលទេសចរណ៍ដ៏សំខាន់ទី៣ របស់ខេត្តកំពត 

ទំនប់ម្លេច ជាអតីតតំបន់សមរភូមិដ៏ក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពោលគឺជាប៉ូលទេសចរណ៍សំខាន់ទី៣នៃខេត្តកំពត។

ទំនប់ម្លេចនេះជាទំនប់ស្តុកទឹកទុកបានយ៉ាងច្រើនបង្កើតបានជាបឹងដ៏ធំមួយ អមដោយជួរភ្នំព័ទ្ធជុំវិញ ប្រកបដោយសោភ័ណភាពស្រស់ត្រកាល ហើយប្រសិនបើរដូវរាំងភ្លៀងវិញគឺទឹកបឹងថ្លាស្អាត ហើយគង់នៅខួបប្រាំងខួបវស្សា។

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា កាលពីជំនាន់​សង្គ្រាមស៉ីវិល ទំនប់ម្លេចនេះជាតំបន់សមរភូមិក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម​ ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជា​គោលដៅទេសចរណ៍ ដ៏ទាក់ទាញ ពោលគឺជាប៉ូលទេសចរណ៍សំខាន់ទី៣នៃខេត្តកំពត បន្ទាប់ពី​ភ្នំបូកគោ និងតំបន់ទឹកឈូ។

លោកប្រធានមន្ទីរបានបន្តថា មុនពេលទំបន់ម្លេចក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនេះ មន្ទីរទេសចរណ៍ខេត្តកំពតបានសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ផ្នែកឯកជន រួមគ្នារៀបចំឱ្យមានប្លង់អភិវឌ្ឍន៍រួម ហេដ្ឋារចនាសម្ពន្ធ ពិសេសគឺការវិនិយោគបង្កើតសេវាកម្ម ទេសចរណ៍យ៉ាងច្រើននៅតំបន់នេះ ដើម្បីទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរ។

លោកថា មន្ទីរទេសចរណ៍ខេត្តក៏បានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច សុវត្ថិភាពភ្ញៀវ ទេសចរ គុណភាពចំណីអាហារ ការគ្រប់គ្រងអនាម័យ បរិស្ថាន និងសំរាម ព្រមទាំងមានការប្រជុំ ត្រួតពិនិត្យលើកិច្ចការបម្រើសេវាកម្មទេសចរណ៍នេះយ៉ាងទៀងទាត់។

គួរជម្រាបថា ទំនប់ម្លេច មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាម ផ្លូវជាតិលេខ៣ ហើយទៅហួសចំណុចព្រំប្រទល់ខេត្តតាកែវនិងខេត្តកំពតបន្តិច នឹងបាន ឃើញផ្លូវ បត់ស្ដាំ ហើយបន្តដំណើរប្រមាណ៥គីឡូម៉ែត្រទៀត ភ្ញៀវទេសចរនឹងបានទៅ ដល់ទំនប់ម្រេចនេះ ជាក់ជាពុំខាន៕

អត្ថបទទាក់ទង