ភ្នំពេញក្រោន ជាក្រុមដំបូងគេរបស់កម្ពុជា ឈ្នះ៣ប្រកួតជាប់គ្នានៅ AFC Cup
នៅយប់ថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្រុមខ្លាំងអូស្រ្តាលី Macarthur FC ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន ជាតិ (ស្តាតអូឡាំពិក) ប្រកួតទី៣ វគ្គជម្រុះ ពូល F នៃ ពាន រង្វាន់ AFC Cup 2023/24 នឹងក្លាយជាក្រុមកម្ពុជាដំបូង អាចយកឈ្នះ៣ប្រកួតជាប់គ្នាក្នុងពានរង្វាន់មួយនេះ។
ការប្រកួតយប់មិញនេះ ម្ចាស់ផ្ទះភ្នំពេញក្រោន ពិតជាធ្វើបានល្អមែនទែន ពោលគឺអាចយកឈ្នះជើងខ្លាំងមកពីអូស្ត្រាលី ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករជប៉ុន Shintaro ២គ្រាប់ និង ផាច សុជាវីឡា ១គ្រាប់។
សម្រាប់ការ ប្រកួតទី១ របស់ ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានយកឈ្នះក្រុម Cebu របស់ហ្វីលីពីន ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន ។
ប្រកួតទី២ ភ្នំពេញក្រោន បន្តយកឈ្នះ Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ប្រទេសកម្ពុជា។
ដូច្នេះតាមរយៈ៣ប្រកួតកន្លងមកនេះ ភ្នំពេញក្រោន ឈ្នះទាំង៣ ប្រកួត ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ហើយមិនរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ ពោលគឺមិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីក្រោនបានឡើយ។
តារាងចំណាត់ថ្នាក់ពូល F៖
1. ភ្នំពេញក្រោន ៩ពិន្ទុ
2. Macarthur FC ៦ពិន្ទុ
3. Cebu ៣ពិន្ទុ
4. Shan United ០ ពិន្ទុ៕