បង្ហាញខ្លួនលើកដំបូង! ព្រំ សំណាង ដណ្តើមបានខ្សែក្រវាត់មួយគ្រឿងពីកម្មវិធី Thai Fight ក្រោយផ្តួលជើងខ្លាំងមកពីអង់គ្លេស
បាងកក ៖ ជើងខ្លាំងកម្ពុជា ព្រំ សំណាង បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនលើសង្វៀន Thai Fight បន្ទាប់ពីផ្តួលជើងខ្លាំងឆ្លងទ្វីបមកពីអង់គ្លេស ថូម៉ាស ខាប់ផេនធ័រ (Thomas Carpenter) ដោយចាយពេលត្រឹមតែជាង១នាទីប៉ុណ្ណោះ នៃទឹកទីមួយ។
មែនទែនទៅ នេះគ្រាន់ជាការបង្ហាញខ្លួនលើកដំបូងប៉ុណ្ណោះរបស់ជាងកាត់សកដៃឯក ព្រំ សំណាង នៅសង្វៀនថៃហ្វៃត៍ ប៉ុន្តែធ្វើបានល្អមែនទែន ដោយផ្តួលគូប្រកួតឱ្យសន្លប់លឿនបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏ល្បីរបស់ថៃ នាសង្វៀន Thai Fight។
ក្នុងការប្រកួតយប់មិញនេះ កីឡាករ ព្រំ សំណាង ហាក់មានទំនុកចិត្តខ្លាំងមែនទែន ទោះបីជាត្រូវប្រកួតជាមួយដៃគូដែលជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័ននៅប្រទេសថៃ គឺកីឡាករ ថូម៉ាស ខាប់ផេនធ័រ ក៏ដោយ ហើយចាយពេលមិនដល់២នាទីផង ធ្វើឲ្យជើងខ្លាំងរូបនេះ បោះបង់ការប្រកួត។
កីឡាករ ព្រំ សំណាង បានប្រើជង្គង់ដ៏មុតស្រួចរបស់គេ អុកចំពោះទឹកកីឡាករ ថូម៉ាស ខាប់ផេនធ័រ ពេញមួយទំហឹង បណ្តាលឱ្យ កីឡាករអង់គ្លេសរូបនេះ ចុកឆ្អល់យ៉ាងខ្លាំងដួលទៅនឹងរេញ រហូតលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្ដង។
គេសង្កេតឃើញថា នៅក្នុងកម្មវិធីប្រកួត Thai Fight នេះ គឺមានការផ្ដល់ជូនខ្សែក្រវាត់មួយគ្រឿង ជូនដល់កីឡាករណា ដែលទទួលបានជ័យជម្នះលើដៃគូផងដែរ។
គួរបញ្ជាក់ថា ព្រំ សំណាង គឺជាកីឡាករកម្ពុជាទីពីរហើយ បន្ទាប់ពីកីឡាករ ធឿន ធារ៉ា ដែលដណ្តើមបានខ្សែក្រវាត់ និងផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី១ ក្នុងសង្វាន់ Thai Fight។ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ធឿន ធារ៉ា បានផ្តួលកីឡាករជើងចាស់ សៃយុគ ផុមផាន់មួង ត្រឹមជាង១នាទីនៃទឹកទី១ ដូចគ្នា៕