មុនប៉ះគ្នា ស្អែកនេះ! គ្រូបង្វឹកភ្នំពេញក្រោន ថាជាឱកាសល្អសម្រាប់តេស្តសមត្ថភាពជាមួយក្រុមខ្លាំង ខណៈគ្រូ Macarthur United ថា មកកម្ពុជា ដេីម្បីយកពិន្ទុទៅផ្ទះវិញ
នៅថ្ងៃ ព្រហស្បតិ៍ ទី២៦ ស្អែកនេះ ក្រុមសឹងក្រហមភ្នំពេញក្រោន នឹងបេីកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ជេីងខ្លាំងមកពីអូស្ត្រាលី គឺក្រុម Macarthur United ក្នុងការប្រកួត AFC Cup វគ្គសន្សំពិន្ទុក្នុងពូល។
យ៉ាងណាមុនប៉ះគ្នា នៅថ្ងៃស្អែកនេះ គ្រូបង្វឹកភ្នំពេញក្រោន លោក 𝗢𝗹𝗲𝗴 𝗦𝘁𝗮𝗿𝘆𝗻𝘀𝗸𝘆𝗶 បាននិយាយថា នេះជាឱកាសល្អ សម្រាប់ភ្នំពេញក្រោន តេស្តសមត្ថភាពជាមួយក្រុមខ្លាំង ខណៈគ្រូបង្វឹកក្រុម Macarthur United លោក Mile Sterjovski បោះសំដីថា មកប្រកួតនេះ ដើម្បីយកពិន្ទុទៅផ្ទះវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត AFC Cup 𝟮𝟬𝟮𝟯-𝟮𝟰 ស្អែកនេះ លោក 𝗢𝗹𝗲𝗴 𝗦𝘁𝗮𝗿𝘆𝗻𝘀𝗸𝘆𝗶 គ្រូបង្វឹកភ្នំពេញក្រោន បានគូសបញ្ជាក់ថា៖« នេះគឺជាការប្រកួតដែលយេីងទន្ទឹមរង់ចាំ ដោយយេីងនឹងត្រូវប៉ះជាមួយគូប្រកួតមួយដ៏ខ្លាំង ហេីយវាក៏ជាលើកទី១ដែលក្រុមកម្ពុជាយើង ប៉ះជាមួយក្រុមមកពីអូស្ត្រាលី»។
លោកបានបន្តថា ៖« ដូចយើងដឹងហើយថា អូស្ត្រាលី ជាប្រទេសដែលមានវិស័យបាល់ទាត់រីកចម្រើនខ្លាំងជាងបណ្ដាលប្រទេសនៅអាស៊ី ពួកគេមានកីឡាករដែលមានគុណភាព ដូច្នេះនេះជាឱកាសល្អដែលយើងអាចតេសសម្ថភាពរបស់យើង ជាមួយក្រុមខ្លាំងបែបនេះ»។
ដោយឡែក លោក Mile Sterjovski គ្រូបង្វឹករបស់ Macarthur United បាននិយាយថា៖« នេះគឺជាការប្រកួតដែលយេីងទន្ទឹមរង់ចាំ ខ្ញុំគិតថាវាជាការប្រកួតមួយដែលលំបាក ព្រោះភ្នំពេញក្រោន ជាក្រុមដែលល្អ ពួកគេបានឈ្នះការប្រកួតចំនួន២លើកដំបូងត»។
លោកបានបន្តថា៖« យើងចូលចិត្តការប្រកួតប្រជែង ពួកគេមានគ្រូល្អ ប៉ុន្តែយើងក៏ជាក្រុមខ្លាំងដូចគ្នា យើងមកទីនេះដោយភាពជឿជាក់ យេីងមកដេីម្បីយកពិន្ទុត្រលប់ទៅវិញ»៕