Close

កូរ៉េខាងជើង សាកល្បងម៉ាស៊ីនរ៉ុក្កែតថ្មី

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង សាកល្បងម៉ាស៊ីនរ៉ុក្កែតថ្មី កូរ៉េខាងជើង សាកល្បងម៉ាស៊ីនរ៉ុក្កែតថ្មី

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការធ្វើតេស្តម៉ាស៊ីនរ៉ុក្កែតឥន្ធនៈរឹងប្រភេទថ្មី ដែលអាចប្រើសម្រាប់អាវុធមីស៊ីលឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារដល់ដែនដីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងថា ការធ្វើតេស្តម៉ាស៊ីននេះ គឺជាការរីកចម្រើនដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពយោធាយុទ្ធសាស្ត្ររបស់ប្រទេស។

ម៉ាស៊ីនថ្មីនេះជាប្រភេទឥន្ធនៈរឹង ដែលអាចផ្តល់ថាមពលខ្លាំងជាងមុន និងអាចត្រូវបានប្រើសម្រាប់មីស៊ីលអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពឈានដល់ទ្វីបអាមេរិក។

អ្នកវិភាគអន្តរជាតិបានបញ្ជាក់ថា ការធ្វើតេស្តនេះបង្ហាញពីគោលបំណងរបស់កូរ៉េខាងជើង ក្នុងការពង្រីក និងធ្វើឱ្យទាន់សម័យស្តុកអាវុធមីស៊ីលរបស់ខ្លួន ជាពិសេសអាវុធដែលអាចវាយប្រហារបានឆ្ងាយ។

កូរ៉េខាងជើងសាកល្បងម៉ាស៊ីនរ៉ុក្កែតថ្មី

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលជាច្រើនប្រភេទ រួមទាំងមីស៊ីលអន្តរទ្វីប ដែលបង្ហាញពីសមត្ថភាពអាចឈានដល់សហរដ្ឋអាមេរិក ប៉ុន្តែការអះអាងមួយចំនួនរបស់ខ្លួន ក៏ត្រូវបានអ្នកវិភាគខាងក្រៅសង្ស័យផងដែរ។

ការធ្វើតេស្តនេះកើតឡើងក្នុងបរិបទដែលកូរ៉េខាងជើងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ទោះបីជាប្រឈមមុខនឹងទណ្ឌកម្ម និងសម្ពាធពីអន្តរជាតិក៏ដោយ៕