Close

លោក គីម ជុងអ៊ុន ជាប់ឆ្នោតដឹកនាំគណបក្សសាជាថ្មី

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក គីម ជុងអ៊ុន ជាប់ឆ្នោតដឹកនាំគណបក្សសាជាថ្មី លោក គីម ជុងអ៊ុន ជាប់ឆ្នោតដឹកនាំគណបក្សសាជាថ្មី

ទីក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ត្រូវបានជាប់ឆ្នោតសាជាថ្មីជាអគ្គលេខាធិការនៃគណបក្សពលករ កះរ៉េ​( Workers’ Party of Korea) ក្នុងសមាជដ៏កម្រមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ Korean Central News Agency (KCNA) កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ។

KCNA បានរាយការណ៍ថា ការជាប់ឆ្នោតនេះធ្វើឡើងនៅថ្ងៃអាទិត្យ ដែលជាថ្ងៃទី៤ នៃសមាជ ដោយអះអាងថា ស្របតាម “ឆន្ទៈមិនអាចផ្លាស់ប្តូរបាន និងបំណងប្រាថ្នាជាឯកច្ឆ័ន្ទ” របស់គណៈប្រតិភូទាំងអស់។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក គីម សមត្ថភាពរារាំងសង្គ្រាមរបស់ប្រទេស ត្រូវបានពង្រឹងយ៉ាងខ្លាំង ជាពិសេសផ្នែកកម្លាំងនុយក្លេអ៊ែរ។

លោក គីម ជុងអ៊ុន ជាប់ឆ្នោតដឹកនាំគណបក្សសាជាថ្មី

សមាជគណបក្ស ដែលធ្វើឡើងម្តងរៀងរាល់ប្រាំឆ្នាំ មានរយៈពេលជាច្រើនថ្ងៃ និងផ្តល់ទិដ្ឋភាពដ៏កម្រចំពោះដំណើរការគ្រប់គ្រងរដ្ឋ នៅក្នុងប្រទេសដែលព័ត៌មានភាគច្រើនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ ការប្រមូលផ្តុំនេះកំណត់ទិសដៅការងាររដ្ឋ ចាប់ពីការអភិវឌ្ឍលំនៅឋាន រហូតដល់ការរៀបចំផែនការយោធា។

ក្នុងសុន្ទរកថាបើកសមាជកាលពីថ្ងៃព្រហស្បតិ៍ លោក គីម បានប្តេជ្ញាថានឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្ហាញពីសម្ពាធសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈមមុខ ក្រោមឥទ្ធិពលទណ្ឌកម្មអន្តរជាតិ។ លោកបានលើកឡើងថា គណបក្សកំពុងប្រឈមនឹង “ភារកិច្ចប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរ និងបន្ទាន់” ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកែលម្អជីវភាពប្រជាជន ព្រមទាំងបំលែងវិស័យរដ្ឋ និងសង្គមឲ្យបានឆាប់រហ័ស។

អស់រយៈពេលជាច្រើនទសវត្សរ៍ កូរ៉េខាងជើងបានផ្តល់អាទិភាពដល់អាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធា ទោះបីជាប្រទេសប្រឈមបញ្ហាខ្វះស្បៀង និងគ្រោះទុរ្ភិក្សក៏ដោយ។ ប៉ុន្តែចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១១ លោក គីម ក៏បានសង្កត់ធ្ងន់លើការពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងសមាជឆ្នាំ២០២១ លោកបានទទួលស្គាល់យ៉ាងកម្រថា មានកំហុសកើតឡើងនៅ “ស្ទើរតែគ្រប់វិស័យ” នៃការអភិវឌ្ឍសេដ្ឋកិច្ច។

មុននេះ លោក គីម ក៏បានប្រកាសថា សមាជឆ្នាំនេះនឹងបង្ហាញដំណាក់កាលបន្ទាប់នៃកម្មវិធីអាវុធនុយក្លេអ៊ែរ។ KCNA បន្ថែមថា ក្នុងអំឡុងសម័យប្រជុំថ្ងៃអាទិត្យ គណបក្សបានបោះឆ្នោតកែប្រែបទប្បញ្ញត្តិខ្លះៗ ដើម្បី “កែលម្អប្រព័ន្ធចាត់ថ្នាក់គណបក្សឲ្យមានគុណភាព” និងធានាការអនុវត្តវិន័យយ៉ាងតឹងរ៉ឹង។
នេះគឺជាលើកទី៩ ប៉ុណ្ណោះ ដែលសមាជគណបក្សកម្មករត្រូវបានកោះប្រជុំក្រោមការគ្រប់គ្រងជាយូរឆ្នាំរបស់គ្រួសារគីម។ សមាជត្រូវបានផ្អាកនៅសម័យដឹកនាំរបស់ឪពុកលោក គីម គឺ Kim Jong Il ប៉ុន្តែត្រូវបានស្ដារឡើងវិញនៅឆ្នាំ២០១៦។

អ្នកវិភាគមើលឃើញថា សមាជនេះជាវេទិកាសំខាន់មួយសម្រាប់លោក គីម ក្នុងការបង្ហាញពីការក្តោបក្តាប់អំណាចយ៉ាងរឹងមាំ និងការគ្រប់គ្រងដាច់ខាតរបស់លោកលើប្រទេស៕ AFP

លោក គីម ជុងអ៊ុន ជាប់ឆ្នោតដឹកនាំគណបក្សសាជាថ្មី