Ronaldo រកបាន២គ្រាប់ទៀតនៅ AFC Champions League
(បាល់ទាត់)៖ កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទីចំនួន២គ្រាប់ នៅ AFC Champions League ក្នុងជ័យជម្នះ ៤-៣ របស់ Al-Nassr លើក្រុម Al Duhail កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
៤គ្រាប់របស់ Al-Nassr រកបានដោយកីឡាករ Talisca នៅនាទីទី២៥, Mane នៅនាទីទី៥៦ និង Ronaldo នាទី៦១ និង៨១ ខណៈ៣គ្រាប់របស់ Al Duhail រកបានដោយកីឡាករ៣នាក់ផ្សេងគ្នារួមមាន Ismaeel, Almoez និង Olunga។
គួរឲ្យដឹងថា នេះជាគ្រាប់បាល់ទី៣ហើយ សម្រាប់ Ronaldo នៅ AFC champions league ខណៈការប្រកួតជាមួយ Istiklol រូបគេស៊ុតបញ្ចូលទី១គ្រាប់ផងដែរ។
បច្ចុប្បន្ន ឆ្លងការតាមរយៈការប្រកួតចំនួន៣ Al-Nassr កំពុងឈរនៅលើកំពូលតារាងនៃពូល E ដោយមាន ៩ពិន្ទុពេញ តាមពីក្រោយដោយក្រុម Persepolis មាន ៦ពិន្ទុ ខណៈក្រុម Istiklol ឈរបាតតារាង។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ AFC Champions League ក្រុមកំពូលតារាងនៃពូលនីមួយៗនឹងឡើងទៅវគ្គបន្តដោយស្វ័យប្រវត្ត ហើយក្រុមលេខ២ ល្អបំផុតចំនួន៦ នឹងឈានទៅវគ្គបន្តដូចគ្នា៕