Close

ខេត្តចំនួន ៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាមមានគម្រោងអភិវឌ្ឍន៍ជាច្រើន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ខេត្តចំនួន ៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាមមានគម្រោងអភិវឌ្ឍន៍ជាច្រើន ខេត្តចំនួន ៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាមមានគម្រោងអភិវឌ្ឍន៍ជាច្រើន

ភ្នំពេញ ៖ នៅសណ្ឋាគារផ្លេគូ ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយាយមវៀតណាម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៥ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាម មានខេត្តយ៉ាឡាយ ខេត្តកន្ទូម ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ីងភឿក។ សូមបញ្ជាក់ថា គណ:ប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល(CLV)លើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងបី នាខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ បន្ទាប់ពីត្រូវបានអភិវឌ្ឍជាង២០ឆ្នាំ ពោលគឺចាប់តាំងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ យន្តការដ៏សំខាន់នេះតភ្ជាប់ប្រទេសជិតខាងទាំងបី ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

ជាក់ស្ដែង រហូតមកទល់ពេលនេះ នៅក្នុងខេត្តរបស់កម្ពុជាក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (DTA) វៀតណាមបានវិនិយោគលើ៤៥គម្រោង ក្នុងទឹកប្រាក់១.៦៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិក រីឯនៅក្នុងខេត្តរបស់ឡាវក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (DTA) វៀតណាមបានវិនិយោគលើ៧៧គម្រោង ក្នុងទឹកប្រាក់២.០៥២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម សួស យ៉ារ៉ា បានសម្ដែងការគាំទ្រលើដំណើរទស្សនកិច្ចលើកដំបូង និងជាប្រវត្តិសាស្ត្រនេះ ហើយឯកភាពថា កិច្ចប្រជុំនេះនិងកិច្ចប្រជុំពីរទៀតនៅស្ទឹងត្រែង និងនៅចំប៉ាសាក់ នឹងអនុញ្ញាតឱ្យគណៈប្រតិភូប្រមែប្រមូលព័ត៌មាន ទិន្នន័យនិងគំនិតសំខាន់ៗ សម្រាប់រាយការណ៍ជូនប្រធានរដ្ឋសភានៃប្រទេសទាំងបីនៅក្នុងខែធ្នូខាងមុខនេះ ក្នុងកិច្ចប្រជុំកំពូលលើកទី១ របស់រដ្ឋសភានៃប្រទេសទាំងបី។ ឯកឧត្តម សួស យ៉ារ៉ា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍផែនការមេសម្រាប់តំបន់ត្រីកោណនេះ ដើម្បីធានាបាននូវនិរន្តរភាព និងការអភិវឌ្ឍដែលមានចក្ខុវិស័យមួយច្បាស់លាស់។
ចំណែកឯ ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវបានថ្លែងថា ឯកឧត្តមឯកភាពទៅលើអ្វីដែលភាគីកម្ពុជា-វៀតណាមបានលើកឡើង ជាពិសេសគោលការណ៍ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អ ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ ព្រមទាំងធ្វើការចែករំលែកនូវបទពិសោធន៍បច្ចេកទេសជំនាញផ្សេងៗជាមួយគ្នា ដើម្បីឱ្យការអភិវឌ្ឍដែនដីនៅក្នុងប្រទេសទាំងបីដើរស្របគ្នា ជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី ៕

អត្ថបទទាក់ទង