មិនគួរឲ្យជឿ! កម្ពុជា ធ្លាក់ចេញពីវគ្គជម្រុះ World Cup ជុំទី១ ក្រោមថ្វីជើងប៉ាគីស្ថាន
(បាល់ទាត់)៖ ក្រុមគោព្រៃកម្ពុជា បានធ្លាក់ចេញពីពានរង្វាន់ FIFA World Cup 2026 ជុំទី១ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Jinnah Sports ទីក្រុងអ៊ីស្លាម៉ាបាត ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។
កាលពីម្សិលមិញនេះ ក្រុមគោព្រៃកម្ពុជា ព្យាយាមដាក់សម្ពាធក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន ខ្លាំងមែនទែន ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបានឡើយ។ ផ្ទុយទៅវិញក្រុមម្ចាស់ផ្ទះ បានស៊ុតបញ្ជូលទី១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជំនះ នៅនាទី៦៨ ដោយកីឡាករ Harun Hamid។ ដូច្នេះមានន័យថា កម្ពុជា ហាលអាវត្រឹមវគ្គជម្រុះជុំទី១ ខណៈប៉ាគីស្ថាន ឡើងទៅកាន់ពូល G ដែលមានប្រទេសអារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និង តាជីគីស្ថាន ដែលកំពុងរង់ចាំនៅជុំទី២។
លទ្ធផលទាំងពីរជើងរវាង កម្ពុជា ទល់នឹង ប៉ាគីស្ថាន៖
– ជើងទី១ កម្ពុជា ០-០ ប៉ាគីស្ថាន
– ជើងទី២ ប៉ាគីស្ថាន ១-០ កម្ពុជា។
តាមរយៈលទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជា សំដែងការមិនពេញចិត្តនោះទេ ហើយបានធ្វើការរិះគន់ខ្លាំងៗទៅលើទម្រង់លេងគ្រូបង្វឹក ក៏ដូចជាការដាក់កីឡាករឲ្យចូលលេង។ ឆ្លើយតបនឹងការលើកឡើង ដោយមិនពេញចិត្តលទ្ធផលបាល់ទាត់ជាមួយប៉ាគីស្ថាន រហូតធ្វើឲ្យបាត់បាត់ឱកាសឡើងវគ្គបន្ត។ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងថា៖«គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណា ដើម្បីដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ World Cup 2026 ជុំទី២ គ្រោងនឹងប្រកួតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤៕