Close

ល្ងាចនេះ! គោព្រៃកម្ពុជា ប៉ះជាមួយ ប៉ាគីស្ថាន ក្នុងការប្រកួតជើងទី២ វគ្គជម្រុះ FIFA WORLD CUP 2026

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ កីឡា
ល្ងាចនេះ! គោព្រៃកម្ពុជា ប៉ះជាមួយ ប៉ាគីស្ថាន ក្នុងការប្រកួតជើងទី២ វគ្គជម្រុះ FIFA WORLD CUP 2026 ល្ងាចនេះ! គោព្រៃកម្ពុជា ប៉ះជាមួយ ប៉ាគីស្ថាន ក្នុងការប្រកួតជើងទី២ វគ្គជម្រុះ FIFA WORLD CUP 2026

នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ វេលាម៉ោង ៤៖០០នាទីរសៀល ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះម្ចាស់ផ្ទះ ប៉ាគីស្ថាន ក្នុងការប្រកួតជើងទី២ វគ្គជម្រុះ FIFA WORLD CUP 2026 នាកីឡដ្ឋាន Jinnah។

ក្នុងការប្រកួតជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ខណៈនេះក៏ជាលើកដំបូងផងដែរ ដែលក្រុមជម្រើសជាតិកម្ពុជា មិនអាចស៊ុតបញ្ជូលទីលើក្រុមប៉ាគីស្ថាន គិតចាប់តាំងពីឆ្នាំ១៩៦៧។

ជុំវិញលទ្ធផលនេះ Yudai Ogawa ក៏បានសំដែងការខកចិត្តដែលស្មើការ ប្រកួតជាមួយប៉ាគីស្ថាន បើទោះបីជាគេក្លាយជាកីឡាករល្អប្រចាំការប្រកួតក៏ដោយ។

Yudai Ogawa បាននិយាយថា ៖« វាជារឿងល្អដែលខ្ញុំជាកីឡាករល្អប្រចាំការប្រកួត ប៉ុន្តែអ្វីដែលសំខាន់គឺឈ្នះការប្រកួត ខ្ញុំខកចិត្តជាមួយនឹងលទ្ធផល។ យើងត្រូវតែបង្ហាញឲ្យខ្លាំងជាងនេះ និងត្រូវបង្ហាញការលេងឲ្យល្អជាក្រុម ក៏ដូចជាម្នាក់ៗផងដែរ»។

យ៉ាងណាមុនការប្រកួតមកដល់ល្ងាចនេះ លោក Félix Dalmás គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានើ់កឡើងថា ៖«ជាដំបូង ពួកយើងសូមអរគុណដល់ប៉ាគីស្ថាន ដែលទទួលស្វាគមន៍យើងបានយ៉ាងល្អ តាំងពីព្រលានយន្តហោះ រហូតមកដល់សណ្ឋាគារ។ ប្រជាជននៅទីនេះពិតជារួសរាយជាមួយពួកយើង ហើយពួកយើងរីករាយដែលបានមកទីនេះ។ ពួកយើងមើលឃើញថា ប៉ាគីស្ថាន ជាក្រុមដែលរៀបចំបានល្អ ពួកគេបាននាំយកកីឡាករមកពីអឺរ៉ុបមួយចំនួន ដើម្បីលេងតំណាងក្រុមរបស់ពួកគេ និងកីឡាករនៅក្នុងប្រទេសសំបូរដោយកីឡាករល្អៗ ហើយពួកគេមានភាគរយជាងយើង ព្រោះនេះជាការប្រកួតលើទឹកដីរបស់គេ
ប៉ុន្តែយើងក៏ត្រៀមខ្លួនហើយដូចគ្នា ក្នុងការប្រយុទ្ធនៅថ្ងៃស្អែកនេះ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា»។

ជាមួយគ្នានេះ លោក Stephen Constantine បង្វឹកក្រុមប៉ាគីស្ថាន បានគូសបញ្ជាក់ថា ៖« ពួកយើងពិតជាត្រេកអរ ដែលបានធ្វើការប្រកួតនៅទឹកដីរបស់យើង ដែលខកខានធ្វើនៅទីនេះអស់រយៈពេល៨ឆ្នាំរួចមកហើយ។ ខ្ញុំបានដឹងរួចមកហើយថា កម្ពុជា ជាក្រុមមួយ
ដែលមានច្បាប់ទំលាប់រៀបចំបានល្អ ហើយការប្រកួតនេះ គឺជាប្រកួតដែលតានតឹងមួយ
សម្រាប់យើង នឹងកម្ពុជា ហើយយើងនឹងធ្វើឲ្យបានសម្រេចនូវលទ្ធផលមួយដែលល្អ»៕

អត្ថបទទាក់ទង