Close

យល់ដឹងពីរបបអាហារ ការពិនិត្យ ជាតិស្ករ និងលំហាត់ប្រាណចំពោះអ្នកជំងឺទឹកនោមផ្អែម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ សុខភាព
យល់ដឹងពីរបបអាហារ ការពិនិត្យ ជាតិស្ករ  និងលំហាត់ប្រាណចំពោះអ្នកជំងឺទឹកនោមផ្អែម យល់ដឹងពីរបបអាហារ ការពិនិត្យ ជាតិស្ករ និងលំហាត់ប្រាណចំពោះអ្នកជំងឺទឹកនោមផ្អែម

ក) អ្វីជារបបអាហារ?

ផ្អែកតាមការផ្សព្វផ្សាយជាសាធារណ:ដោយគេហទំព័រមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ការរស់នៅដោយផាសុកភាព ជាកិច្ចការចាំបាច់សម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមបញ្ជាក់ថាអាហារដែលល្អសម្រាប់មនុស្សមានជំងឺទឹកនោមផ្អែម គឺវាល្អសម្រាប់មនុស្សទូទៅ(មិនមែនជាអាហារតមដូចការលើកឡើងនៃមនុស្សមួយចំនួននោះទេ)៖
– ជៀសវាងអាហារដែលសំបូរខ្លាញ់
– អាចហូបបានច្រើន បន្លែ ផ្លែឈើមិនទុំខ្លាំងពេក គ្រាប់ធញ្ញជាតិ និងបរិភោគបាយសំរូប
– ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់)
– រក្សាបរិមាណជាតិស្រវឹងសមរម្យ
– បញ្ជប់ការជក់បារីជាដាច់ខាត
– បរិភោគឲ្យបានទៀងពេល (ជៀសវាងការបង្អត់អាហារ)

ខ) ការពិនិត្យជាតិស្ករ តាមដានជាតិស្ករ

ព្រឹកព្រហាមមុនអាហារ ដើម្បីបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមមែន ឫ មិនមែន?
នៅពេលបរិភោគចូលទៅនោះ អាហារត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះ ជួយកោសិការរបស់អ្នកបង្កើតថាមពលដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយ លីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង ដែលមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល អាចអោយជីវិតអាចរស់នៅបាន។ នៅពេលដែលរាងកាយយើងមិនអាចប្រើប្រាស់អោយមានប្រសិទ្ធភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន នោះនាំអោយការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺ ទឹកនោមផ្អែម)។ មានន័យថា ឫមួយមានអាំងស៊ុយ លីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធភាព តែបរិមាណមិនគ្រប់គ្រាន់សំរាប់ដឹកជញ្ជូនស្ករយកទៅប្រើប្រាស់ ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន នៃជំងឺទឹកនោមផ្អែមប្រភេទពីរ កើតលើមនុស្សធំ)។

បញ្ជាក់៖
ការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចំបងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករក្នុងឈាមតែមួយមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវ និងអោយទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖

– ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម
– ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃរឈាមបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ពិការភាពភ្នែក
– និងការបាត់បង់ការដឹងប្រពន្ធ័ប្រសាទអវៈយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង

គ) ការធ្វើលំហាត់ប្រាណ

– អ្វីដែលអ្នកគួរធ្វើ មុនពេលហាត់ប្រាណ៖

• ស្លៀកពាក់សំលៀកបំពាក់សមល្មមមិនតឹងពេក ពាក់ស្បែកជើងមានទ្រនាប់ស្រួលហ្វឹកហាត់
• យកតាមខ្លួននូវដំស្ករ សម្រាប់ពេលចុះជាតិស្ករខ្លាំង
• សូមពិនិត្យជាតិស្ករមុន និងក្រោយពេលធ្វើលំហាត់ប្រាណ
– លំហាត់ប្រាណប្រភេទណាមួយដែលអ្នកចូលចិត្ត (ហែលទឹក ការដើរ ការរាំ លេងតេនីស វាយសី ទាត់បាល់ និងការងារផ្ទះ
– គួរធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍
– បើសិនអ្នកចាក់ផ្តើមចាក់អាំងស៊ុយលីន សូមធ្វើការហាត់ប្រាណសន្សឹមៗ ដោយមានដំបូន្មានពីវេជ្ជបណ្ឌិត ឬអ្នកជំនាញ។

បញ្ជាក់៖ ផលប្រយោជន៍ពីការធ្វើលំហាត់ប្រាណ៖

• ធ្វើឲ្យប្រសើរនូវការគ្រប់គ្រងជាតិស្កររបស់អ្នក
• ធ្វើឲ្យប្រសើរនូវសម្ពាធឈាម និងចលនាសន្លាក់
• ជួយឲ្យអ្នកស្រក ឫរក្សាទម្ងន់បានល្អ
• ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដែលជាផលវិជ្ជមានប្រសើរបំផុតសំរាប់សុខភាពបេះដូង
ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូ ពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ៕

អត្ថបទទាក់ទង