Close

ចិន នឹងបន្តស្ថិតនៅលើមាគ៌ាជាសេដ្ឋកិច្ចទីមួយរបស់ពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន  នឹងបន្តស្ថិតនៅលើមាគ៌ាជាសេដ្ឋកិច្ចទីមួយរបស់ពិភពលោក ចិន នឹងបន្តស្ថិតនៅលើមាគ៌ាជាសេដ្ឋកិច្ចទីមួយរបស់ពិភពលោក

ប៉េកាំង ៖ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតទី២នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនបានទទួលរងនូវ
បទពិសោធដ៏ជូរចត់ក្នុងអំឡុងពេលជាង២ឆ្នាំចុងក្រោយនេះជាមួយនឹងវិបត្តិធំៗផ្ទួនៗគ្នា ប៉ុន្តែបញ្ហាដែលលំបាកជាងគេនៅពេល
នេះគឺជាបញ្ហាក្នុងវិស័យអចលនទ្រព្យ។

អចលនទ្រព្យគឺជាចំណែកដ៏ធំ និងសំខាន់បំផុតនៃកិច្ចអភិវឌ្ឍរបស់ប្រទេសដែលមានទំហំដល់ទៅ១ភាគ៥នៃផលិតផលក្នុងស្រុកសរុបរបស់
ចិននៅពេលនេះ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ក្រុមអ្នកជំនាញនោះគឺថាវិបត្តិអចលនទ្រព្យនឹងអាចរីករាលដាលបន្ថែមទៀតទៅដល់ប្រព័ន្ធហិរញ្ញវត្ថុ និងសកម្មភាពវិនិយោគផ្សេងទៀត។

ក្រៅពីនោះ ចិនក៏បានជួបប្រទះទៅនឹងបញ្ហាជាបន្តបន្ទាប់ទៀតបូករួមទាំងបញ្ហាសកល, បញ្ហាអតិផរណា ជាពិសេសការអនុវត្តគោលការណ៍សូន្យ
កូវីដដែលជាលទ្ធផលវាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្វាក់ផលិតកម្ម និងចែកចាយទំនិញទាំងអស់របស់ចិន ហើយបន្ថែមលើសពីនេះទៅទៀត
វាបានធ្វើឲ្យសេដ្ឋកិច្ចចិនរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

យ៉ាងណា ក៏ដោយ ទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកបែបនេះក្តី ប៉ុន្តែអ្នកជំនាញនៅតែអាចសម្លឹងមើលឃើញថាកំណើនសេដ្ឋកិច្ចរបស់ចិននឹងនៅតែដើរឆ្ពោះទៅកាន់
តំណែងជាមហាអំណាចទី១របស់ពិភពលោកដដែលជំនួសឲ្យអាមេរិកដែលអ្វីៗគឺនឹងអាស្រ័យទៅលើតែពេលវេលាប៉ុណ្ណោះ។

IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងបន្តកើនឡើងប្រមាណជា២,៧ភាគរយនៅក្នុងឆ្នាំ២០២៣នេះហើយឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចរបស់ចិន
បានចូលរួមចំណែកដល់ទៅដល់កំណើននៃសេដ្ឋកិច្ចសកលទាំងមូលក្នុងទំហំច្រើនជាងអាមេរិកដល់ទៅ៣ដង ខណៈដែលអាមេរិកនឹងនៅបន្តតំណែងជាមហា
អំណាចសេដ្ឋកិច្ចផុតលេខនៅឡើយក្នុងឆ្នាំនេះទោះបីជាកំណើនសេដ្ឋកិច្ចនឹងមានត្រឹមតែ១ភាគរយក្តី។

ជា មួយគ្នានេះ បើមិនមានអ្វីប្រែប្រួលខ្លាំងជាងនេះទេនោះ អ្នកជំនាញជាច្រើនទៀតនៅតែមានទំនុកចិត្តនាពេលអនាគតថា ចិននឹងក្លាយទៅជាម្ចាស់តំណែងសេដ្ឋកិច្ចធំជាងគេបំផុត
របស់ពិភពលោកជំនួសឲ្យអាមេរិក ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០៣៥ប៉ុណ្ណោះហើយចំណែកឯឥណ្ឌានឹងមានសន្ទុះខ្លាំងដើម្បីចាប់យកតំណែងទី២ជំនួសអាមេរិកនៅក្នុង
ឆ្នាំ២០៧៥. នេះបើយោងតាមការព្យាករណ៍ទុកដោយក្រុមហ៊ុន Goldman Sachs ។

អ្នកជំនាញសេដ្ឋកិច្ចរបស់ Goldman Sachs លោក Kevin Daly និង Tadas Gedminas ដែលជាអ្នកបង្កើតរបាយការណ៍វិភាគដ៏ស៊ីជម្រៅមួយដែលមាន
ទំព័រសរុបដល់ទៅ៤៥ទំព័របានរៀបរាប់ថារយៈពេល៣០ឆ្នាំខាងមុខនេះផលិតផលក្នុងស្រុកសរុប ឬ GDP របស់សកលលោកនឹងមានទំងន់កាន់តែធ្ងន់ឡើងនៅតាមប្រទេស
តំបន់អាស៊ីជាមិនខានដែលក្នុងនោះគិតត្រឹមឆ្នាំ២០៥០ ក្រៅតែពីចិនឈរនៅលេខរៀងកំពូល ឥណ្ឌានៅលេខ២ និងអាមេរិលលេខ៣ហើយនោះ ឥណ្ឌូនេស៊ីនឹងរំកិលខ្លួនឡើងទៅលេខ
៤ ខណៈដែលអាល្លឺម៉់ង់នឹងមានតំណែងនៅលេខរៀងទី៥ជាមហាអំណាចកំពូលទាំង៥របស់ពិភពលោក។

របាយការណ៍ដដែលក៏បានព្យាករណ៍ដែលថា ប្រទេសនីហ្សេរីយ៉ា, ប៉ាគីស្ថាន និងអេហ្ស៊ីប នឹងអាចទទួលបានតំណែងជាមហាអំណាចកំពូលទាំង១០នៅត្រឹមឆ្នាំ២០៧៥ប្រសិនបើពួកគេបាន
អនុវត្តតាមគោលការណ៍ត្រឹមត្រូវពីព្រោះថាជាប្រទេសដែលមានសក្តានុពលខ្លាំងផ្នែកធនធានមនុស្សទាំងបរិមាណ និងគុណភាព។

Goldman Sachs ក៏បានព្យាករណ៍ដែរថាកំណើនសេដ្ឋកិច្ចសកលចន្លោះពីឆ្នាំ២០២៤ទៅដល់ឆ្នាំ២០២៩ខាងមុខនេះនឹងអាចទទួលបានកំណើនជាមធ្យមប្រមាណជា២,៨ភាគរយ
ប្រចាំឆ្នាំធៀបទៅនឹងកំណើនសេដ្ឋកិច្ចសកលជាមធ្យមមួយទសវត្សរ៍មុនពេលវិបត្តិសេដ្ឋកិច្ចសកលចុងក្រោយដែលមានទៅដល់៣,៦ភាគរយ និងនៅតិចជាងកំណើនសេដ្ឋកិច្ចសកលចន្លោះ
១០ឆ្នាំមុនពេលកូវីដដែលមានប្រមាណជា៣,២ភាគរយប្រចាំឆ្នាំ៕

អត្ថបទទាក់ទង