Close

Arsenal និង​ Manchester United បរាជ័យ​ដូច​គ្នា​ ក្នុង​ការ​ប្រកួត​ UCL សប្ដាហ៍​ទី​២

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ កីឡា
Arsenal និង​ Manchester United បរាជ័យ​ដូច​គ្នា​ ក្នុង​ការ​ប្រកួត​ UCL សប្ដាហ៍​ទី​២ Arsenal និង​ Manchester United បរាជ័យ​ដូច​គ្នា​ ក្នុង​ការ​ប្រកួត​ UCL សប្ដាហ៍​ទី​២

កាលពីយប់មិញ​នេះ​ ក្រុម​មកពី​ប្រទេស​អង់គ្លេស​ចំនួន​២ គឺក្រុម​បិសាច​ក្រហម​ Manchester United និងក្រុម​កាំភ្លើងធំ​ Arsenal បានរង​បរាជ័យ​​ដូចគ្នា​ ក្នុង​ការប្រកួតវគ្គចែកពូល UEFA Champions League សបា្តហ៍​ទី​២។

ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល A​ រវាងម្ចាស់ផ្ទះ​ Manchester United និងក្រុម​ភ្ញៀវ​ Galatasaray មានគ្រាប់បាល់​ចំនួន​ ​៥គ្រាប់​។​ ម្ចាស់​ផ្ទះ​ Man United​​ បានបេីក​ការនាំមុខ​ ដោយ​កីឡាករ​ Rasmus Højlund នាទី​ ១៧  ប៉ុន្តែ​៦នាទី​ក្រោយ​មក​ ពោល​គឺ​នៅ​នាទី​ ២៣ Wilfried Zaha​ បានតាម​ស្មើ​ ១-១​។

លុះ​ចូល​ដល់​តង់​ទី​២​ Højlund ដដែល​ បាន​រកគ្រាប់នាំមុខជាថ្មី​ ២-១​ នៅនាទី៦៧​ ប៉ុន្តែ​ភាពរីករាយ​របស់​ Man United បានរលាយជាថ្មី​ បន្ទាប់ពី​ Kerem Aktürkoğlu​ស០ស៊ុត​តាមស្មេី​២-២។​ លុះដល់នាទី៨១​ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​  PSG កីឡាករ​ Mauro Icardi រកបានគ្រាប់បាល់ជ័យ​ជំនះ​ឱ្យ​ Galatasaray​។ ចប់ការប្រកួត​ Man United ២-៣​ Galatasaray ខណៈ​ Man United ឈរ​បាតតារាង​គ្មាន​ពិន្ទុ​រាប់​។

ងាកមកចាប់អារម្មណ៍​មិត្ត​រួម​លីគរបស់បិសាចក្រហម​វិញម្ដង​ ក្រុម​កាំភ្លើងធំ​ Arsenal ក៏មានវាសនា​មិនខុសគ្នាដែរ​ ពោល​គឺ​ក្នុង​សបា្តហ៍​ទី​២នេះ​ បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Lens របស់​បារាំង ​ក្នុងលទ្ធផល​ ១​ ទល់​នឹង​ ២​។

គ្រាប់​បាល់​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពីរ​គ្រាប់​របស់ Lens បាន​ធ្វើ​ឲ្យ​ក្រុម​បារាំង​ ទទួល​បាន​​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ចងចាំមួយ​លើ Arsenal។

យប់មិញ​នេះ​ ក្រុមកាំភ្លើងធំ​ បាននាំមុខមុនតាមរយៈកីឡាករ Gabriel Jesus ប៉ុន្តែក្រុមម្ចាស់ផ្ទះតាមស្មើវិញ​ ដោយការស៊ុតបាល់បញ្ចូលទីរបស់ Adrien Thomasson ។​ ការទាត់​បាល់​យ៉ាង​ស្អាត​ពីសំណាក់​កីឡាករ​វ័យ​ក្មេង​ Elye Wahi បានធ្វើឱ្យម្ចាស់ផ្ទះ ទទួល​ជ័យជម្នះ​លេីក្រុម​ដែលកំពុងឈរលេខ​២​ នៅ​ Premier league មួយ​នេះ​ ។

តាម​រយៈ​លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ Lens ឡេីង​មក​ឈរកំពូល​តារាង​ក្នុង​ពូល​ C បណ្ដោះអាសន្ន​ មាន​ ៤ពិន្ទុ​ ខណៈ​ Arsenal​ ឈរ​លេខ​២​ មាន​ ៣ពិន្ទុ​។

គួរ​ឲ្យ​ដឹង​ថា​ Lens ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ប្រកួតចុងក្រោយ​នៅ​ UCL ក្នុងការប្រកួតក្នុងផ្ទះ ដោយឈ្នះ ១៤​ និងស្មើ ២​ និងចាញ់១៕

អត្ថបទទាក់ទង