ក្រសួងកសិកម្ម ពង្រីកទស្សនៈទាននៃការបង្កើតសហគមន៍កសិកម្ម សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន
ក្រុមការងារអនុវត្តកម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលបច្ចុប្បន្ននេះ បាន និងកំពុងចុះតាមមូលដ្ឋានតាមបណ្ដាខេត្តគោលដៅកសិកម្មនានា ជាពិសេសតាមសហគមន៍ ដែលមានប្រជាពលរដ្ឋភាគច្រើនប្រកបរបរជាកសិកម្ម។
ក្នុងការចុះតាមតំបន់មូលដ្ឋាននោះ ក្រុមការងាររបស់ក្រសួងកសិកម្ម បានរៀបចំជាសិក្ខាសាលា ដើម្បីផ្សព្វផ្សាយពីគោលគំនិត និងទស្សនៈទានសហគមន៍កសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ផ្លែឈើ និងដំណាំផ្សេងៗទៀត។
ដោយឡែកគោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនីមួយៗរបស់ក្រុមការងារ ASPIRE-AT នេះ គឺធ្វើឡើងដើម្បីឲ្យក្រុមសមាជិកកសិករយល់ដឹងពីគោលគំនិតទស្សនៈទានសហគមន៍កសិកម្ម បង្ហាញផ្លូវពីអាជីវកម្មដែលសហគមន៍កសិកម្មអាចដំណើរការបាន បង្ហាញពីសារៈប្រយោជន៍ក្នុងការចូលរួមជាសមាជិកសហគមន៍កសិកម្ម និងបណ្ដុះបណ្ដាលពួកគេពីរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍កសិកម្មដើម្បីឱ្យទទួលបានជោគជ័យ។
ដោយឡែក ដើម្បីអាចក្លាយជាសហគមន៍កសិកម្មមួយ ក្រុមកសិករត្រូវឆ្លងកាត់នូវលក្ខន្តិកៈនៃសហគមន៍កសិកម្មពេញលក្ខណៈចំនួន ១៦ចំណុច។ ក្នុងនោះរួមមានដូចជា ត្រូវមានសមាជិក ចាប់ពី១៥នាក់ឡើង មានសមាជិកចូលរួមជាថវិកាដើម្បីរកដើមទុន មានប្រភេទមុខរបរសំខាន់យ៉ាងតិច១សម្រាប់សហគមន៍ មានអ្នកទទួលខុសត្រូវច្បាស់លាស់ និងមានការធ្វើផែនការគ្រប់គ្រង សហគមន៍ឱ្យបានត្រឹមត្រូវជាដើម។
យ៉ាងណាមិញ បើទោះជាមានលក្ខខណ្ឌត្រូវបំពេញច្រើន មុននឹងអាចបង្កើតជាសហគមន៍កសិកម្មក៏ដោយ ក៏ក្រសួងកសិកម្មនៅតែលើកទឹកចិត្តឱ្យបង្កើតសហគមន៍កសិកម្មឱ្យបានកាន់តែច្រើន។
កាលណាមានសហគមន៍កសិកម្មកាន់តែច្រើន កសិករនឹងចំណេញថ្លៃផលិតបានកាន់តែច្រើន។ ចំណេញថ្លៃដើមព្រោះថា ពួកគេរួមគ្នាផលិត និងរួមគ្នាធ្វើកិច្ចការងារមួយ ដើម្បីផលប្រយោជន៍ សហគមន៍ជារួម។
ការរួមគ្នាផលិតបែបនេះ មិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចសហគមន៍ផ្ទាល់ តែក៏ជាការរួមចំណែក ជំរុញការគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ដោយសារតែផលិត ផលដែលផលិតបានក្នុងស្រុកមានគុណភាពល្អ ហើយមានតម្លៃថោកជាងផលិតផលខាងក្រៅ ច្បាស់ណាស់ថា ចលនាគាំទ្រផលិតផលក្នុងស្រុកនឹងចាប់ផុសផុលឡើង៕