Close

Ronaldo រកបានគ្រាប់ដំបូងនៅ AFC Champions League

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ កីឡា
Ronaldo រកបានគ្រាប់ដំបូងនៅ AFC Champions League Ronaldo រកបានគ្រាប់ដំបូងនៅ AFC Champions League

(បាល់ទាត់)៖ កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន នៅ AFC Champions League ក្នុងជ័យជម្នះ ៣-១ របស់ Al-Nassr លើក្រុម Istiklol កាលពីយប់ថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងការប្រកួតយប់មិញនេះ Al-Nassr ត្រូវបានក្រុម Istiklol របស់តាហ្ស៊ីគីស្ថាន បើកការនាំមុខមុន នៅចុងតង់១ នាទី ៤៤ ដោយកីឡាករ Senin Sebai។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ដែលបានចូលរួមជាមួយក្លឹប Al-Nassr កាលពីខែធ្នូ បានតាមស្មើមកវិញនៅពាក់កណ្ដាលតង់ទីពីរ នាទី៦៦។

បន្ទាប់ពីតាមស្មើ Al-Nassr មានទំនុកចិត្តយ៉ាងខ្លាំង ហើយរកបាន២គ្រាប់ទៀត ពីសំណាក់ខ្សែប្រយុទ្ធប្រេស៊ីល Anderson Talisca នៅនាទី៧២ និង ៧៧ ដែលបានធ្វើឱ្យ Al-Nassr វាយបកយកឈ្នះ Istiklol ក្នុងលទ្ធផល ៣ ទល់នឹង ១។

បច្ចុប្បន្ន ឆ្លងការតាមរយៈការប្រកួតចំនួន២ Al-Nassr កំពុងឈរនៅលើកំពូលតារាងនៃពូល E ដោយមាន ៦ពិន្ទុពេញ តាមពីក្រោយដោយក្រុម Persepolis មាន ៣ពិន្ទុ ខណៈក្រុម Istiklol ឈរបាតតារាង។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ AFC Champions League ក្រុមកំពូលតារាងនៃពូលនីមួយៗនឹងឡើងទៅវគ្គបន្តដោយស្វ័យប្រវត្ត ហើយក្រុមលេខ២ ល្អបំផុតចំនួន៦ នឹងឈានទៅវគ្គបន្តដូចគ្នា៕

អត្ថបទទាក់ទង