ភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមខ្លាំងរបស់មីយ៉ាន់ម៉ា Shan United FC
(បាល់ទាត់)៖ ក្លិបសឹងក្រហមភ្នំពេញក្រោន នឹងត្រូវបន្តដំណើរ AFC CUP របស់ខ្លួន ក្នុងជំនួបទី២ ដោយត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលក្លិប Shan United FC របស់មីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងជំនួបដំបូងនៃការប្រកួតពានរង្វាន់ AFC CUP 2023/24 វគ្គសន្សំពិន្ទុក្នុងពូល ក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុយ៉ាងមានសារៈសំខាន់ បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំងរបស់ហ្វីលីពីន Dynamic Herb Cebu ដោយលទ្ធផល ៣ ទល់នឹង ០ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
ចំណែកឯក្លិប Shan United FC វិញ ធ្វើមិនបានល្អឡើយនៅប្រកួតបើកឆាករបស់ខ្លួន ដោយបានរងបរាជ័យយ៉ាធ្ងន់ធ្ងរក្នុងដីខ្លួនឯង ០ ទល់នឹង ៣ ក្នុងជំនួបជាមួយក្រុម Macarthur FC របស់អូស្ដ្រាលី។
មូលហេតុដែលក្លិបភ្នំពេញក្រោន ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ ជំនួសឱ្យកីឡដ្ឋាន Smart RSN ដែលជាកីឡដ្ឋានផ្ទាល់ខ្លួននោះ គឺដោយសារតែក្លិប កំពុងតែរៀបចំបំពាក់កៅអីសម្រាប់ទស្សនិកជននៅ ៣តំបន់ផ្សេងទៀត និងកែលំអហេដ្ឋារចនាសម្ព័ន្ធជុំវិញកីឡដ្ឋានមួយចំនួន ដើម្បីបង្គ្រប់លក្ខខ័ណ្ឌរបស់ AFC ពីព្រោះថា បើមិនមានកៅអីត្រឹមត្រូវទេនោះ AFC និងមិនអនុញ្ញាតិឱ្យធ្វើជាម្ខាស់ផ្ទះ និងមិនឱ្យទស្សនិកជនចូលទស្សនាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់កីឡដ្ឋាននេះជាអចិន្ត្រៃយ៍ ឫ តែ ១ប្រកួតនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ដោយត្រូវរង់ចាំការចុះមកត្រួតពិនិត្យពី AFC ជាថ្មីម្ដងទៀត។
គួរបញ្ជាក់ថា ក្លិបសឹងក្រហមភ្នំពេញក្រោន មិនទាន់ភ្លក់រស់ជាតិចាញ់នៅឡើយទេ ក្នុងពាន AFC CUP រដូវកាលនេះ ពោលគឺ ៣ប្រកួតកន្លងមកនេះ បានបំបាក់ក្រុម Young Elephant FC របស់ពីឡាវ, ក្រុម Tampine Rovers FC របស់សិង្ហបូរី និងចុងក្រោយក្រុម Dynamic Herb Cebu FCរបស់ហ្វីលីពីន។ បច្ចុប្បន្ន ក្រោន កំពុងឈរ លេខ២ ក្នុងពូល F មាន ៣ពិន្ទុ៕