ក្រុមសារិកាព្រៃ Newcastle ទម្លាក់ Man City ចេញពី EFL Cup
(បាល់ទាត់)៖ កាលពីយប់ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមសារិកាព្រៃ Newcastle United បានទម្លាក់ក្រុមមេឃខៀវ Manchester City ចេញពីពានរង្វាន់ EFL Cup ឬ Carabao Cup នៅជុំទី៣ យ៉ាងមិនគួរឲ្យជឿ។
កាលប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន St James’ Park មានគ្រាប់បាល់កើតឡើងតែ១គ្រាប់គត់ ពោលគឺធ្វើបានដោយខ្សែប្រយុទ្ធ Alexander Isak នៅនាទី៥៣ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Joelinton។
ក្រោយចប់ការប្រកួត លោក Eddie Howe អ្នកចាត់ការក្រុម Newcastle បាននិយាយថា៖ វាគឺជាការប្រកួតដ៏ស្វិតស្វាញ ហើយ Man City លេងបានល្អ។ នៅតង់ទីមួយ យើងធ្វើមិនសូវបានល្អនោះទេ ដោយសារយើងមិនមានបាល់លេងច្រើន។ លុះចូលដល់តង់ទី២ យើងលេងបានល្អច្រើន ទាំងការការពារ និងការវាយលុក។ យើងវាយសម្រុកបានយ៉ាងល្អ ហើយយើងប្រហែលជាសមនឹងទទួលបានជ័យជម្នះនេះ»។
ចំណែកលោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖« យើងបានលេងការប្រកួតដ៏អស្ចារ្យមួយ។ ពួកគេ(Newcastle )បានស៊ុតបញ្ចូលទីបានមួយគ្រាប់ សូមអបអរសាទរ ចំពោះ Newcastle ដែលបានឡើងទៅវគ្គបន្ត»។
គួរបញ្ជាក់ថា ក្រោយទម្លាក់ Man City ប្រកួតបន្ទាប់នៅពានរង្វាន់ EFL Cup នេះ Newcastle United នឹងត្រូវប៉ះ ក្រុមបិសាចក្រហម Manchester United នៅជុំទី៤៕