Messi ទំនងជាមិនអាចជួយ Inter Miami ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open បានទេ
(បាល់ទាត់)៖ តារាឆ្នើមអាហ្សង់ទីន កីឡាករ Leo Messi ទំនងជាមិនអាចជួយក្រុម Inter Miami ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ US Open ជាមួយក្រុម Houston Dynamo បាននោះទេ ដោយសាររបួសមិនទាន់ជាសះស្បើយ។
ជាការពិតណាស់ Messi បានត្រឡប់ទៅអាមេរិកវិញ ហើយ បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រមូលផ្តុំគ្នាក្នុងការប្រកួតជាបន្តបន្ទាប់ ក្នុងថ្ងៃ FIFA Days។ ប៉ុន្តែ Messi មិនមានកម្លាំងពេញលេញទេ ហើយកម្លាំងរាងកាយរបស់គាត់ ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកក្តីបារម្ភពីអ្នកគាំទ្រក្លឹប Inter Miami បានចាប់ផ្តើមកើនឡើងបន្ថែមទៀត នៅពេលដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ ខកខានការប្រកួតចំនួន២។
យោងតាមការអាប់ដេតចុងក្រោយពីកាសែត ESPN បានឲ្យដឹងថា Lionel Messi បានអវត្តមានពីការហ្វឹកហាត់របស់ Inter Miami នៅថ្ងៃនេះ ដើម្បីត្រៀមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open ជាមួយក្រុម Houston Dynamo។
គួរកត់សម្គាល់ថា វីដែអូដែលថតបានដោយក្រុមអ្នកកាសែត បានថតវត្តមានរបស់ Messi នៅលើទីលានហ្វឹកហាត់ ប៉ុន្តែគាត់មិនបានហាត់សូម្បីមួយនាទី ហើយបែជាផ្តោតលើការប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ និងនិយាយទៅកាន់នរណាម្នាក់ប៉ុណ្ណោះ។
គេអាចមើលឃើញថា ការដែល Messi មកទីលាន ប៉ុន្តែមិនបានហាត់ គឺជាសញ្ញាច្បាស់ណាស់ថា ស្ថានភាពរបួសមិនទាន់ជាសះស្បើយនៅឡើយទេ សូម្បីតែការហ្វឹកហាត់ស្រាលៗ ដើម្បីស្តារកម្លាំង និងស្ថានភាពរាងកាយ។
គួរបញ្ជាក់ថា Messi ជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្លិប Inter Miami ក្រោមការដឹកនាំដោយលោក Tata Martino ។ ជាក់ស្ដែង Inter Miami បន្ទាប់ពីអវត្តមាន Messi ហាក់ធ្វើមិនសូវបានល្អនោះទេ ពោលគឺបានត្រឹមចាញ់ និងស្មើ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open រវាង Inter Miami និង Houston Dynamo នឹងប្រព្រឹត្តទៅនៅម៉ោង ៧:៣០ព្រឹក ថ្ងៃទី ២៨ ខែកញ្ញា (ម៉ោងនៅកម្ពុជា)៕