កំណត់ត្រាថ្មី បាល់ទះកម្ពុជា! វឿន វាសនា នឹងផ្លាស់ទៅលេងនៅតៃវ៉ាន់ រយៈពេល ២ឆ្នាំ ដោយទទួលបានថ្លៃពលកម្មជាង 10ម៉ឺនដុល្លារ
(បាល់ទះ) ៖ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ដែលលេងដំណែងជាស្មាត់ស្ដាំ នឹងទៅប្រកបអាជីពនៅលីគបាល់ទះរបស់កោះតៃវ៉ាន់ រយៈពេល២ឆ្នាំ ជាមួយក្លិបបាល់ទះ Win Streak ដោយទទួលបានថ្លៃនឿយហត់ជាង ១០ម៉ឺនដុល្លារ។
លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឲ្យដឹងក្នុង Live លើផេកផ្លូវការណ៍របស់លោកថា បន្ទាប់ពីការប្រកួតក្នុងកីឡាអាស៊ី នៅប្រទេសចិនចប់ កីឡាករ វឿន វាសនា នឹងទៅលេងនៅលីគបាល់ទះរបស់កោះតៃវ៉ាន់ រយៈពេល២ឆ្នាំ។
លោកក៏បានបង្ហើបឲ្យដឹងដែរថា វឿន វាសនា នឹងទទួលបានថ្លៃពលកម្មប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក សម្រាប់រយៈពេល២ឆ្នាំនេះ ដែលនេះជាកំណត់ត្រាមិនធ្លាប់មានក្នុងវិស័យបាល់ទះកម្ពុជា។
គួររំលឹកថា វឿន វាសនា ក៏ជាកីឡាករបាល់ទះកម្ពុជាទី១បានទៅលេងនៅប្រទេសវៀតណាម២ដង ជាមួយក្លិបអាជីព Lavie Long An កាលពីឆ្នាំ២០២២ ដោយទទួលតម្លៃខ្លួនជាង ១ម៉ឺនដុល្លារ និងឆ្នាំ២០២៣ បានទៅលេងម្តងទៀត ដោយទទួលបានតម្លៃខ្លួនជាង២ម៉ឺនដុល្លារអាមេរិក។
គួរបញ្ជាក់ថា វឿន វាសនា ជាសមាជិករបស់ក្លិបវិសាខា បច្ចុប្បន្នរូបគេ មានអាយុ២២ឆ្នាំ កម្ពស់១,៩១ម៉ែត្រ ជាកីឡាករលេងក្នុងដំណែងស្មាត់ស្ដាំ ដែលបានជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ និងសំរិទ្ធស៊ីហ្គេម២លើកចុងក្រោយ៕